សៀមរាប៖ នៅព្រឹកថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០២៦ បងប្អូនជនភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងវត្តប្រាសាទគោកចក និង បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រមាណជិត៥០គ្រួសារនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាបទទួលបានស្បៀងអាហារ រួមនិងថវិកា ពីនាយឧត្តម សេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កង
យោធពលខេមរភូមិន្ទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ។
នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានមានប្រសាសន៍លើកឡើងថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នាទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ ចំពោះអំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ហើយអំណោយជាស្បៀងអាហារ របស់ប្រើប្រាស់ និងថវិកា ដែលចែកជូននាពេលនេះគឺជាទឹកចិត្តអាណិតស្រឡាញ់របស់ភរិយារួមនិងក្រុមគ្រួសាររបស់ឯកឧត្តម ផ្ទាល់។ ក្នុងនោះដែរ នាយឧត្តមសេនីយ៍ ម៉ក់ សារុន ក៍បានមានប្រសាសន៍សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ ។
ក្នុងនាមជនភៀសសឹកស្នាក់នៅក្នុងវត្ត និងបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបានមានថេរដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តម សេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងក្រុមគ្រួសារ ដែលមានចិត្តសប្បុរសក្នុងស្មារតីខ្មែរជួយខ្មែរដោយចូលរួមឧបត្ថម្ភគាំទ្រនូវធនធានផ្ទាល់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋយើងដែលបានជម្លៀសខ្លួនមកស្នាក់នៅក្នុងវត្តនិងប្រជាពលរដ្ឋខ្វះខាតក្នុងសង្កាត់គោកចកផងដែរ ។ ព្រះគ្រូចៅអធិការ មានថេរដីកាបញ្ជាក់ថា គិតត្រឹម ថ្ងៃទី៩ ខែមីនា នេះ ជនភៀសសឹកដែលបានបន្តស្នាក់នៅក្នុងវត្តប្រាសាទគោកចកគឺនៅសល់ចំនួន៣៤គ្រួសារ ដោយពួកគាត់មិនទាន់អាចវិលទៅលំនៅដ្ឋានបានដោយសារថៃធ្វើរបងព័ទ្ធលំនៅដ្ឋានផ្ទះត្រូវខូចខាត សមត្ថកិច្ចមូលដ្ឋាន មិនទាន់ឲ្យចូលផ្ទះមានគ្រាប់មិនទាន់ផ្ទុះ ផ្ទះនៅជិតជួរមុខ ។ ក្នុងនោះដែរក្រោមការទំនុកបម្រុងពីព្រះសង្ឃ គណៈកម្មការ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងនោះដែរទទួលទានអាហារ ៣ពេល ក្នុងមួយថ្ងៃ ។ ព្រះគ្រូក៏សូមអំពាវនាវដល់សប្បុរសជន បន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ទាំងស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីជួយផ្គត់ផ្គង់បន្តដល់បងប្អូនជនភៀសសឹកយើង ដែលកំពុងស្នាក់នៅក្នុងវត្ត រួមនឹងទីតាំងផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តសៀមរាបផងដែរ៕






































