សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកម៉ូតូ និងថវិកាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីជាការលើកទឹកចិត្ត ប្រគល់ជូនដល់គ្រួសារវីរយុទ្ធជនពលី ដែលបានលះបង់ជីវិត
ដើម្បីបុព្វហេតុជាតិមាតុភូមិ កាលពីម្សឹលមិញថ្ងៃទី៨ ខែមីនា ឆ្នាំនេះ។
អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានប្រគល់ជូន អ្នកមីង អ៊ូ យឿត ដែលត្រូវជាម្តាយបង្កើតរបស់វីរយុទ្ធជនពលី ស្មឿន វ៉ិត (អត្តលេខ ១៧១១៩០) អតីតមេបញ្ជាការរងអនុសេនាធំទី២ វរសេនាតូចកាំភ្លើងត្បាល់ នៃកងពលធំអន្តរាគមន៍លេខ២ ដែលបានពលីក្នុងសមរភូមិទិសប្រាសាទតាមាន់ធំ ដោយសារគ្រាប់ផ្លោងកាំភ្លើងធំរបស់សត្រូវ។ គ្រួសារសពមានទីលំនៅបច្ចុប្បន្ននៅភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ការផ្ដល់ជូននាពេលនេះ គឺជាការសម្រេចតាមសំណូមពររបស់គ្រួសារសព កាលពីឱកាសដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចុះសួរសុខទុក្ខ និងរំលែកទុក្ខដោយផ្ទាល់ដល់លំនៅឋាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ក្រៅពីម៉ូតូ១គ្រឿង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ក៏បានបន្ថែមនូវអំណោយរួមមាន៖ ថវិកាបន្ថែម ២០០ដុល្លារ
ប្រេងសាំង ៤០លីត្រ មួកសុវត្ថិភាព ២គ្រឿង និងរៀបចំធ្វើស្លាកលេខម៉ូតូជូនដោយឥតគិតថ្លៃផងដែរ។
ក្នុងបរិយាកាសប្រកបដោយភាពកក់ក្តៅ អ្នកមីង អ៊ូ យឿត បានសម្តែងនូវសេចក្ដីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ មិនបោះបង់ចោល និងផ្តល់តម្លៃខ្ពស់ចំពោះជីវភាពរស់នៅ ក៏ដូចជាសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារយុទ្ធជនពលីដែលមានគុណបំណាច់ចំពោះជាតិ។
សកម្មភាពនេះ បានស្ដែងឱ្យឃើញនូវស្មារតីសាមគ្គីភាព និងការដឹងគុណរបស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះវីរភាពរស់រវើករបស់កងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីជូនមាតុភូមិ៕





































