ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន អង្គភាពកងពលតូចលេខ១២៨

0

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន ដែលបានពលីជីវិត ក្នុងភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា ថៃ ហើយដែលបានពលីជីវិតក្នុងពេលថ្មីៗកន្លងទៅនេះ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិ សាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពវិញ្ញាណក្ខន្ធ នឹងបានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះលោកនាយឯក ប៊ន ម៉ៅ អាយុ ២៧ ឆ្នាំ នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានពលីជីវិតក្នុងភារកិច្ចការពារជាតិ និងប្រជាជនកម្ពុជា និងបានសូមបួងសួរឲ្យវិញ្ញាណក្ខន្ធរបស់លោកនាយឯក ប៊ន ម៉ៅ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ក៏បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ប្រកបដោយក្តីដឹងគុណចំពោះវីរភាព របស់វីរយុទ្ធជន ប៊ន ម៉ៅ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបានសូមជូនពរដល់ក្រុមគ្រួសារសព សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងបានចូលរួមថវិកាមួយចំនួន ក្នុងពិធីបុណ្យសពនេះផងដែរ ។
ឧត្តមសេនីយ៍សោម ស៊ុន តំណាងឲ្យនាយទាហាន នាយទាហានរង និងពលលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះហត្ថលេខាលើសៀវភៅគ្រាំងមាស ទុកជាការចងចាំ នូវគំរូវិរៈភាព ដ៍អង់អាចខ្លាហានរបស់នាយឯកប៊ន ម៉ៅ និងជាកាគោរពដឹងគុណជានិច្ចតរៀងទៅ មិនអាចបំភ្លេចបានឡើយ ៕