សៀមរាប៖ សមទ្ធិផលអគារ ខ្លោងទ្វារ របងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តសៀមរាប និងលោកជំទាវ ត្រូវបានសម្ពោធកាត់ខ្សែ បូរណ៌ដាក់ឲ្យ
ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម សេង សំរិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកស្វាយលើ ព្រមទាំងបានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ កាលចុងសប្តាហ៍ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពី អស់លោក លោកស្រី ជាសមាជិកក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកស្វាយលើ និង ប្រធាន និងអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំទាំង០៥, ប្រធាន និងអនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៥, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំប្រមាណជា ១០០នាក់។
បន្ទាប់ពីលោក អៀង ពិសិដ្ឋ ប្រធានគណបក្សស្រុក បានឡើងអានរបាយការណ៍ការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ និង រាយការណ៍ពីវឌ្ឍនភាពការងារស្រុករួច និង ហ៊ុន ហួន អនុប្រធានគណបក្សស្រុក បានអានឯកសារផ្សព្វផ្សាយសភាពការណ៍ទូទៅការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៦ និង របាយការណ៍នៃឃុំទាំង៥ រួចមក ឯកឧត្តម សេង សំរិត ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្ស ដែលសម្តេចទាំងទ្វេរបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទប់ស្កាត់សង្គ្រាមនៅតាមព្រំដែន និង បានបន្តស្វះស្វែងរកច្បាប់អន្តរជាតិ និងសន្ធិសញ្ញាផ្សេងៗ ក៏ដូចជាយន្តការអន្តរជាតិថ្មីៗបន្ថែមទៀត បន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរភាពតានតឹង និងស្តារឡើងវិញនូវស្ថិរភាព សន្តិភាពក្នុងតំបន់ជាច្រើនដែលមានជម្លោះ ឬសង្គ្រាម រួមទាំងជម្លោះព្រំដែនកម្ពុជាថៃផងដែរ ។ ឯកឧត្តម សេង សំរិត បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព ប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
សមិទ្ធផលការងារដែលឥស្សរជន, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកា គណបក្សទាំងអស់ បានអនុវត្តនិងសម្រេចបានជាច្រើន ក្នុងការអភវិឌ្ឍប្រទេសជាតិ និយាយជារួម និងនិយាយដោយឡែក, សមិទ្ធផលនៅថ្ងៃនេះ នៅស្រុកស្វាយលើ ក៏កើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រហូតដល់សមាជិកបក្សម្នាក់ៗ ។ ក្នុងការចូលរួមអនុវត្តសកម្មភាពការងារតាមផែនការដែលបានដាក់ចេញដោយលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ធនធានថវិកា និងសម្ភារៈ សព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ។ ឯកឧត្តម សេង សំរិត ក៏បានណែនាំឲ្យមន្ត្រីទាំងអស់ ពង្រឹងកម្លាំងសាមគ្គីជាតិជាធ្លុងមួយ រួបរួមគ្នាការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឲ្យស្ថិតស្ថេរ និងរឹងមា និងបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ដើម្បីប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរ ។ យើងគ្រប់រូបត្រូវមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការលើកកម្ពស់ស្មារតីជាតិនិយម និងលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិជុំវិញការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល និង ត្រូវជម្រុញការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុក, ការចេះរស់នៅក្នុងរបៀបថ្មី និងការបង្កើនសមត្ថភាព ចំណេះដឹងដល់យុវជនជំនាន់ក្រោយឲ្យយល់ដឹងច្បាស់អំពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ និងច្បាប់អន្តរជាតិនានា ដើម្បីការពារអធិបតេយ្យភាព និង បូរណភាពទឹកដីខ្មែរ ។
ឯកឧត្តម ក៏បានណែនាំ ពង្រឹង និងបង្កើនសមត្ថភាពយុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក សម្រាប់គោលដៅអ្នកបន្តវេន និង ត្រៀមរៀបចំផ្គូរផ្គងបញ្ជីឈ្មោះបេក្ខភាពក្រុមប្រឹក្សាឃុំ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំឆ្នាំ២០២៧ ព្រមទាំងបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋានឲ្យបានកាន់តែល្អ និងសកម្មថែមទៀត និង បន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាជននៅមូលដ្ឋាន។ ត្រូវពង្រឹងសមាជិកបក្សទាំងបរិមាណ និងគុណភាព ដោយគ្រប់ភូមិ ត្រូវខិតខំកសាងសមាជិកបក្សថ្មី ពង្រឹងចាស់ ពង្រីកថ្មីឲ្យបាន៨០% ជម្រុញប្រជាជនគ្រប់អាយុឲ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ ។
ក្នុងនោះដែរឯកឧត្តមក៏បានឧបត្ថម្ភនូវកុំព្យូទ័រ ០១គ្រឿងដល់ស្នាក់ការគណបក្សស្រុកស្វាយលើ និង បានផ្តល់នូវផ្ទាំងប៉ាន់ណូគណបក្ស ដល់គណបក្សឃុំទាំង០៥ ព្រមទាំងឧបត្ថម្ភថវិកា ដល់គណបក្សស្រុក ១លានរៀល និង ឃុំទាំង៥ ក្នុងមួយឃុំ ៥០ម៉ឺនរៀល និង អង្ករ គ្រឿងឧបភោគបរិភោគ និង សំភារៈជាតង់ផងដែរ ៕






































