ខេត្តកំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ស្ថិតក្នងវត្តបន្ទាយចាស់ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។
នាក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ពិធីកាត់ខ្សែបូសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿសាសនា និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅ ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋយើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមបន្តថា សមិទ្ធផលដែលកើតឡើងនៅទីនេះ ពិតណាស់គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នបាននឹងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍បន្ត ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះតាមរយៈនៃការចរចា ជៀសជាងការដោះស្រាយតាមរយៈកម្លាំងប្រដាប់អាវុធ ជាពិសេស សូមបងប្អូនកុំឱ្យជឿលើព័ត៌មានមិនពិតមួយចំនួន ដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់ ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និងអសន្តិសុខ។ សូមបងប្អូនប្រជាពលរដ្ឋ ផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយកម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ៕






































