សៀមរាប៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ សមាគមកាយឬទ្ធិនារីកម្ពុជា រៀបចំពិធីសំណេះសំណាល ជាមួយសមាគមកាយឬទ្ធិនារីកម្ពុជា សាខាខេត្ដសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ទុយ ជិ ប្រាក់
សោភ័ណ ប្រធានកិត្តិយសសមាគមកាយឬទ្ធិនារីកម្ពុជា សាលាខេត្ដសៀមរាប រួមទាំងសមាជិកសសកម្ម សមាជិកា និងសមាជិកគាំទ្រ ជាច្រើនរូប។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោកជំទាវបណ្ឌិត បានបង្ហាញនូវអារម្មណ៍រំភើប រីករាយចំពោះ កុមារី យុវតី សមាជិកា សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ដែលបានរីកចម្រើនផ្នែកចំណេះវិជ្ជា ប្រាជ្ញាស្មារតី រួមទាំងមានក្រមសីលធម៌ មានសមត្ថភាពពេញលេញ និងមានភាពជឿជាក់លើខ្លួនឯង ក្រោយពីទទួលបានការបណ្តុះបណ្តាលតាមរយ:កម្មវិធីផ្សេងៗពីសមាគម ក្នុងរយៈពេល ៤ឆ្នាំកន្លងមក រួមជាមួយនឹងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប គ្រូបង្គោល សមាជិកគាំទ្រ និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការណ៏ និងគាំទ្រ ដល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា និងបានដឹកនាំកូនៗរៀបចំស្បៀងអាហារ ដាំបន្លែ ផ្សេងៗក្នុងចលនា “យេីងរួមគ្នាដេីម្បីជាតិ” ជូនវីរ:កងទ័ព ប្រជាពលរដ្ឋភៀសសឹក។
ឆ្លៀងក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ក៏បានរំលេចបន្ថែមអំពីការរៀបចំមហាសន្និបាទកាយឫទ្ធិនារីពិភពលោកលើកទី៣៩ (39th WAGGGS World Conference) និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍ OB-PS ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីអង្គរដ៏អស្ចារ្យ នៃខេត្តសៀមរាប ហើយមហាសន្និបាតនេះ នឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ សម្រាប់មហាសន្និបាតនេះ នឹងមានវត្តមានសមាសភាព WAGGGS និង សហគមន៍ OB-PS មកពីទ្វីបទាំង ៥ ដែលមានសមាជិកជាង ១៥០ប្រទេសចូលរួម៕






































