ខេត្តស្វាយរៀង៖ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបញ្ជ្រាបការយល់ដឹង និងយុទ្ធនាការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរ «ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦» ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» នៅបរិវេណរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង។
ពិធីនេះក្រោមអធិបតីភាព លោក សេង សីលា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការរៀបចំយុទ្ធនាការនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជន ឱ្យកាន់តែយល់ច្បាស់អំពីតម្លៃនៃអនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង។ លោកបានបន្តថា ទីក្រុងស្អាតមិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមដោយស្មារតី «សាមគ្គី» និងការទទួលខុសត្រូវខ្ពស់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីធ្វើឱ្យក្រុងស្វាយរៀង ក្លាយជាទីក្រុងដែលគួរឱ្យចង់រស់នៅ និងមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត យុទ្ធនាការនេះរួមមានសកម្មភាពសំខាន់ៗដូចជា៖
⁃ ការអប់រំផ្សព្វផ្សាយ៖ បញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
⁃ សកម្មភាពអនាម័យផ្ទាល់៖ ការចុះប្រមូលសំរាមតាមដងផ្លូវ សួនច្បារសាធារណៈ និងតាមបណ្ដាលផ្សារនានាក្នុងក្រុងស្វាយរៀង។
⁃ ការលើកសោភ័ណភាព៖ ការរៀបចំទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកនៅតាមមន្ទីរ អង្គភាព និងសាលាក្រុង-ស្រុក។
បន្ទាប់ពីកិច្ចប្រជុំជួបជុំ លោកអភិបាលរងខេត្ត រួមជាមួយមន្ត្រីរាជការ និងយុវជន បានចុះធ្វើយុទ្ធនាការសម្អាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងស្វាយរៀង ប្រកបដោយភាពស្និទ្ធស្នាល និងស្មារតីសាមគ្គីភាពខ្ពស់។
សកម្មភាពនេះ មិនត្រឹមតែជាការអបអរសាទរទិវាជាតិទីក្រុងស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿនស្មារតីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមថែរក្សាអនាម័យបរិស្ថានជាប្រចាំ ដើម្បីលើកកម្ពស់មុខមាត់ខេត្តស្វាយរៀង ឱ្យកាន់តែស្រស់បំព្រងបន្ថែមទៀត៕គឹមសេង





































