ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ច និងឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ ជូនដល់កងកម្លាំងទីបញ្ជាការស្រាល ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ច និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងប្រេងឥន្ធនៈ ជូនដល់កងកម្លាំងប្រចាំការនៅទីបញ្ជាការស្រាលចំនួន ៦គោលដៅ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកសន្ទុក ដើម្បីបន្តសកម្មភាពក្នុងភារកិច្ចរបស់ខ្លួន ។ ដែលពិធីនេះប្រព្រឹត្តទៅ នៅតំបន់៤៤ ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ទោ សេង ស៊ាំ អនុប្រធានទីបញ្ជាការស្រាល តំបន់៤៤ លោក ម៉ុល វណ្ណា មន្ត្រីរដ្ឋបាលព្រៃឈើ និងលោក គង់ វណ្ណ មន្ត្រីអនុទ្យាននុរក្សបរិស្ថាន បានឡើងរាយការណ៍អំពីស្ថានភាពទូទៅ ស្ដីពីការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងរយៈពេលកន្លងទៅ ដោយទទួលបានលទ្ធផលល្អប្រសើរ និងដោយបានបញ្ជាក់ថា៖ ក្នុងរយៈពេលកន្លងទៅនេះ មិនមានសកម្មភាពការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានទៀតទេ។ កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលនីមួយៗ បានសហការល្អ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដោយឡែក ការលួចកាប់នឹងដឹកជញ្ជូនផលអនុផលព្រៃឈើនៅពេលយប់ នៅតែមានលួចធ្វើសកម្មភាពម្ដងម្កាលនៅឡើយ ហើយកងកម្លាំងចម្រុះកំពុងតែខិតខំស្រាវជ្រាវរកមុខសញ្ញា និងទីតាំងសកម្មភាព ដើម្បីធ្វើការបង្ក្រាបជាក់ស្ដែង និងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្ថាប័នជំនាញអនុវត្តទៅតាមនីតិវិធីច្បាប់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងសហការគ្នាបានល្អ ក្នុងការធ្វើសកម្មភាពការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ដោយរយៈពេលជាង ២០ខែកន្លងមកនេះ កងកម្លាំងចម្រុះរបស់យើង បានដករហូតយកដីព្រៃឈើ ចំនួនជាង ៤,៣០០ហិកតា ទុកជាសម្បត្តិរដ្ឋ។ ចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើស ចំនួន ៤១នាក់ បញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ ព្រមទាំងបានរឹបអូសសម្ភារៈ និងមធ្យោបាយប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើមួយចំនួនថែមទៀតផង។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តអនុវត្តនូវភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព ដាច់ខាតមិនឲ្យកើតមានឡើងជាថ្មី ក្នុងការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតបានឡើយ នឹងត្រូវស្វែងរកមុខសញ្ញាជនកាប់និងដឹកជញ្ជូន ផលអនុផលព្រៃឈើខុសច្បាប់ ដែលកំពុងប្រព្រឹត្តជាក់ស្ដែង ដើម្បីបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារ គ្រឿងឧបរិភោគបរិភោគ ភេសជ្ជៈ និងប្រេងឥន្ធនៈ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម វង្សីវិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលទាំង ៦គោលដៅ ដើម្បីបន្តសកម្មភាព ដោយគ្មានការដកថយឡើយ ។