ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ នេះគឺជាមោទនភាព និងជាសញ្ញាណវិជ្ជមានបំផុតសម្រាប់ដើមឆ្នាំ២០២៦ នាវេលាម៉ោង ២:៣០ រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយអង្គការ WWF បានប្រទះឃើញ “កូនផ្សោតទើបកើតថ្មីមួយក្បាលទៀត” នៅចំណុចអន្លង់
ផ្សោតកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមការសង្កេតផ្ទាល់ កូនផ្សោតដ៏គួរឱ្យស្រលាញ់នេះមានអាយុប្រមាណ ២ ថ្ងៃ និងមានសុខភាពល្អបរិបូរណ៍ ដោយកំពុងហែលទឹកយ៉ាងរស់រវើកក្នុងហ្វូងសត្វផ្សោតពេញវ័យចំនួន ៥ ក្បាលផ្សេងទៀត។
នេះគឺជាកូនផ្សោតទី៣ ហើយដែលត្រូវបានកត់ត្រាទុកក្នុងបញ្ជីកំណើតសត្វផ្សោតមេគង្គ ក្នុងរយៈពេលត្រឹមតែជិត ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ។
សត្វផ្សោតទន្លេមេគង្គ (Irrawaddy Dolphin) មិនមែនគ្រាន់តែជាសត្វទឹកធម្មតានោះទេ ប៉ុន្តែពួកវាគឺជា “រតនសម្បត្តិមានជីវិត” របស់ជាតិ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងមហាសាល វត្តមានសត្វផ្សោតគឺជា “សូចនាករ” បញ្ជាក់ថាប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គមានតុល្យភាព និងមានសុខភាពល្អ។ បើផ្សោតរស់នៅបាន ត្រីដទៃទៀតក៏សំបូរដែរ។
សត្វផ្សោតគឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្តក្រចេះ និងស្ទឹងត្រែង។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់មកទីនេះ(តំបន់អភិរក្ស) ដើម្បីចង់ឃើញសត្វផ្សោត ដែលជួយបង្កើតចំណូលដល់សហគមន៍មូលដ្ឋាន។
សត្វផ្សោតត្រូវបានចាត់ទុកជាបេតិកភណ្ឌធម្មជាតិពិភពលោក ព្រោះត្បិតវាជាប្រភេទសត្វកម្របំផុតមួយលើពិភពលោក។ ការរក្សាសត្វផ្សោតឱ្យនៅគង់វង្ស គឺជាការលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិក្នុងកិច្ចការអភិរក្ស។
កំណើនកូនផ្សោតជាបន្តបន្ទាប់នៅដើមឆ្នាំ២០២៦ នេះ ឆ្លុះបញ្ចាំងពីជោគជ័យ នៃការរឹតបន្តឹងច្បាប់នេសាទ និងការល្បាតយ៉ាងសកម្មរបស់ឆ្មាំទន្លេ។ យើងគ្រប់គ្នាត្រូវបន្តចូលរួមការពារ “មរតកទឹកសាប” នេះ កុំឱ្យបាត់បង់ពីទឹកដីកម្ពុជា។
“រួមគ្នាការពារសត្វផ្សោតមេគង្គ ដើម្បីតុល្យភាពធម្មជាតិ និងសេដ្ឋកិច្ចសហគមន៍”៕




































