របាំងសាច់អួនខុសច្បាប់ជាង ៣,៦០០ម៉ែត្រ ត្រូវបានកងកម្លាំងចម្រុះរួមសហការបង្ក្រាបបាននៅក្លំហបឹងទន្លេសាបក្នុងឃុំផាត់សណ្ដាយ

0

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្របឹងទន្លេសាប ។ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងចម្រុះ រួមមាន៖ កងយោធពលខេមរភូមិន្ទ មកពីអង្គភាពយោធភូមិភាគទី៥, អង្គភាពកងពលតូចលេខ៧០ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក, កងកម្លាំងកងទ័ពជើងទឹកវាយលើគោក និងស្ថាប័នជំនាញពាក់ព័ន្ធ រួមជាមួយកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានសហការបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ ក្នុងលំហបឹងទន្លេសាប ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាព បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាឲ្យកម្លាំងចម្រុះ ដែលមានកងយោធពលខេមរភូមិន្ទជាស្នូល រួមសហការជាមួយស្ថាប័នជំនាញដែលមានការពាក់ព័ន្ធ ត្រូវបន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឱ្យខាងតែបានដាច់ខាត ដោយមិនទុកឲ្យមានឧបករណ៍នេសាទខុសច្បាប់មានតទៅទៀតឡើយ ដែលឧបករណ៍ល្មើសច្បាប់ទាំងនេះ បានបំផ្លាញដល់ធនធានមច្ឆជាតិរបស់យើង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងរយៈពេលពេញមួយព្រឹក នៃសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ នៅក្នុងលំហបឹងទន្លេសាបនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កងកម្លាំងចម្រុះ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធ បានធ្វើការបំផ្លាញចោល របាំងស្បៃអួនខុសច្បាប់ប្រវែងជាង ៣,៦០០ម៉ែត្រ ឡុកសាច់អួនចំនួន ២៤គ្រឿង លបលូចំនួន ២៤មាត់ បង្គោលរបាំងជាង ២,៣០០ដើម ចាក់លែងត្រីចម្រុះ ប្រមាណជាង ១៥០គីឡូក្រាម និងបំផ្លាញចោលនៅឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀតផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជានេសាទទាំងអស់ សូមមេត្តារួមគ្នា ចូលរួមគោរពច្បាប់ស្ដីពីជលផលថ្មី ដែលរដ្ឋសភាជាតិបានអនុម័តនាពេលកន្លងទៅ ដើម្បីធ្វើឲ្យធនធានមច្ឆជាតិរបស់យើងបានសម្បូរឡើងវិញ បានបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាយើង នៅគ្រប់មជ្ឈដ្ឋាន ដែលជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។