កម្មវិធីជិះកង់មិត្តភាព លើប្រធានបទ “បារាយណ៍ជាប់ចិត្ត” និង “ទេសចរណ៍បៃតង” នៅទីរួមស្រុកបារាយណ៍ ខេត្តកំពង់ធំ ដឹកនាំដោយលោកពៅ វណ្ណា ប្រធានក្រុមជិះកង់មិត្តភាពរំលង-បារាយណ៍ (R&B)

0

(កំពង់ធំ)÷នៅសាលាស្រុកបារាយណ៍ខេត្តកំពង់ធំ កម្មវិធីជិះកង់មិត្តភាព លើប្រធានបទ “បារាយណ៍ជាប់ចិត្ត” និង “ទេសចរណ៍បៃតង” នៅទីរួមស្រុកបារាយណ៍ ខេត្តកំពង់ធំដឹកនាំដោយលោកពៅ វណ្ណា ប្រធានក្រុមកង់មិត្តភាពរំលង-បារាយណ៍ (R&B) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះលោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍បានមតិសំណេះសំណាលជាមួយក្រុមកីឡាករជិះកង់យុវជនដឹកនាំដោយលោក ពៅ វណ្ណា ប្រធានក្រុមជិះកង់មិត្តភាពរំលង- បារាយណ៍(R&B)មានចំនួន១៥កង់ ជាប្រភេទកង់ជិះឡើងភ្នំ។

លោកឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍បានលើកឡើងថា ថ្ងៃនេះមានកិត្តិយសយ៉ាងខ្លាំងដែលបានចូលរួមជិះកង់មិត្តភាព លើប្រធានបទ “បារាយណ៍ជាប់ចិត្ត”និង “ទេសចរណ៍បៃតង”កម្មវិធី និងប្រធានបទនេះមានគោលបំណង៖លើកកម្ពស់សុខភាព និងការរស់នៅបែបសកម្មបង្កើនភាពសាមគ្គី និងមិត្តភាពរវាងយុវជន និងប្រជាពលរដ្ឋ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងតំបន់បារាយណ៍លើកទឹក ចិត្តការអភិរក្សបរិស្ថាន និងការអភិវឌ្ឍ ទេសចរណ៍បៃតង។ កម្មវិធីជិះកង់នេះ នឹងនាំឱ្យអ្នកចូលរួមបានស្គាល់ពីទេសភាពធម្មជាតិ សម្បត្តិបេតិកភណ្ឌ និងវប្បធម៌ក្នុងស្រុកបារាយណ៍ ដែលជាតំបន់មានសក្ដានុពលទេសចរណ៍ និងមានតម្លៃប្រវត្តិសាស្ត្រ។  ក្រៅពីនេះ កម្មវិធីក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ រវាងអ្នកចូលរួម ពង្រឹងស្មារតីស្រឡាញ់ធម្មជាតិ និងការចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាតបៃតង។

លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានបន្ថែមទៀតថា នៅពេលខាងមុខនេះ គ្រោងការជិះកង់ដូចនេះបន្តទៀត ដោយសារស្រុកបារាយណ៍ ខេត្តកំពង់ធំ មានហេដ្ឋារចនាសម្ព័ន្ធរីកដុសដាល ដូចជាផ្លូវកៅស៊ូ ផ្លូវចាក់បេតុង ផ្លូវលំក្រាលគ្រួសក្រហម ផ្លូវលំតាមប្រព័ន្ធប្រឡាយខ្វាត់ខ្វែងពីតំបន់មួយទៅតំបន់មួយទៀត។ ដោយសារសក្តានុពលមានសំបូរបែប លោកអភិបាលស្រុកបារាយណ៍ ចូលរួមបំផុសការជិះកង់ទៅកាន់រមណីយដ្ឋាននានា ដូចជារមណីយដ្ឋានបឹងសំរឹទ្ធិ រមណីយដ្ឋានទំនប់១មករា រមណីយដ្ឋានអូរស្វាយ និងទីតាំងតំបន់ប្រវត្តិសាស្រ្តប្រាសាទបុរាណនៅឃុំត្នោតជុំ និងប្រាសាទបុរាណនៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឪកាសនោះដែរលោក ពៅ វណ្ណា ប្រធានក្រុមជិះកង់មិត្តភាពរំលង-បារាយណ៍(R&B)សូមអញ្ជើញយុវជនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់កីឡាជិះកង់ទាំងអស់ ចូលរួមកម្មវិធីនេះ ដើម្បីរួមគ្នាបង្កើតអនុស្សាវរីយ៍ល្អៗ និងជំរុញទេសចរណ៍បៃតងនៅស្រុកបារាយណ៍មានលក្ខណៈល្អប្រសើរឡើង។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប