ឯកឧត្តម អ៊ុន ចាន់ដា ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៧០០នាក់​ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម​

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​២១​ ខែមិនា​ ឆ្នាំ​២០២៦នេះ​ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៧៤៨រូប​ មកពីភូមិទាំង៧ ក្នុងសង្កាត់វាលវង់​ ក្រុងកំពង់ចាម​ ។

ថ្លែងក្នុងកិច្ចស្វាគមន៍សមាជិកថ្មីនោះ​ ឯកឧត្តម អ៊ុន ចាន់ដា បានស្នេីដល់ប្រធានគណបក្សនៅមូលដ្ឋាន​ ក៏ដូចជាក្រុមការងារស្នូល ក្នុងក្រុងកំពង់ចាម​ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្ស​ រាល់ពេលពួកគាត់មានតម្រូវការ​ និង​សំណូមពរ ឬជួបបញ្ហាផ្សេងៗ ពិសេសគឺត្រូវផ្សារភ្ជាប់ ទៅនឹងការផ្តល់ និងទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្រៅពីនោះត្រូវបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លេីការធ្វើអំពើល្អ​ រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លេីការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក ។

ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និង លក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុង ការការពារ បូរណភាពទឹកដី អធិបតីភាពជាតិ ផងដែរ ៕