ដោយអ៊ុក ផ្លុង
សៀមរាប÷ ទោះបីជាបានបែកគ្នាអស់ រយៈពេលជាង ៣០ ឆ្នាំ ក៏ដោយ សម្រាប់ អតីតសិស្ស នៃ វិទ្យាល័យកំពង់ក្ដី ឆ្នាំ ១៩៨៩ ដល់ ឆ្នាំ ១៩៩៥ ប៉ុន្មានឆ្នាំ មកនេះ នៅតែអាចកៀងគរ មិត្តភក្តិរួមជំនាន់រៀបចំប្រារព្ធពិធី គោរពដឹងគុណគ្រូ រៀងរាល់ឆ្នាំ។ តើកត្តាអ្វី? ធ្វើដូចម្តេចទើបសិស្សជំនាន់នេះអាច ជួបជុំគ្នា បាន? ជួបជុំគ្នា ក្នុងគោលបំណងយ៉ាងណា?
នៅថ្ងៃ អាទិត្យ ទី ២២ ខែ មិនា ឆ្នាំ ២០២៦ អតីត សិស្ស នៃវិទ្យាល័យកំពង់ក្ដី ឆ្នាំ ១៩៨៩ ដល់ ឆ្នាំ ១៩៩៥ បាន រួបរួមសាមគ្គីគ្នាប្រារព្ធពិធីគោរព និងដឹងគុណ នៅវិទ្យាល័យកំពង់ក្ដី ស្ថិតក្នុង ភូមិពោធិ៍សេរី ឃុំ កំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ កម្មវិធីនេះ ផ្ដើមគំនិត ស្វែងរកមិត្តភក្តិសិស្សរួម ជំនាន់ តាមប្រព័ន្ធ telegram ដោយ លោក វិនសុធារ៉ា បច្ចុប្បន្ន ជា គ្រូបង្រៀន នៅសាលាវិទ្យាល័យកំពង់ក្ដី។ ក្នុងកម្មវិធីនេះ វត្តមាន លោកគ្រូ អ្នកគ្រូ បានអញ្ជេីញចូលរួមចំនួន ២៦ រូប និង អតីតសិស្ស នៃវិទ្យាល័យកំពង់ក្ដីចំនួន ៨២ នាក់។ ជំនួបសិស្សរួមជំនាន់នេះមាន ការថតរូប ទុកជា អនុស្សាវរីយ៍ រួមគ្នា និងការនិយាយរំលឹកអនុស្សាវរីយ៍ការ អប់រំ និងវិន័យនិងរវាង សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅសម័យនោះ។ អតីតសិស្ស មាន លោក សែត កៅ បច្ចុប្បន្ន ជាប្រធានក្លឹប ទេសចរណ៍ ខេត្តសៀមរាប ជាអ្នកមាន មតិ សំណេះសំណាលរំលឹកអនុស្សាវរីយ៍ពាក់ព័ន្ធនឹង ការអប់រំ ដែលមានវិន័យយ៉ាងតឹងរឹងនៅសម័យនោះ នាំឲ្យសិស្សានុសិស្សមានវិន័យល្អ។
ទន្ទឹមនឹងនោះដែរ កម្មវិធីក៏បាន អញ្ជើញ លោក គ្រូ លាវ ឧ៌រ៉ា អតីត នាយកសាលា នៃ វិទ្យាល័យកំពង់ក្ដី និង អ្នកគ្រូ សែត សាន់ណារី ហៅម៉ាដាម ពោន អតីត នាយកា នៃវិទ្យាល័យនេះ លោកទាំងពីរមានប្រសាសន៍ ទាំងទឹកមុខញញឹមថា លោក មានវិន័យតឹងរឹងក៏ព្រោះចង់អោយសិស្សល្អដែរ។ ទោះបីជាកម្មវិធីជួបជុំសិស្សរួមជំនាន់ និងលោក គ្រូ អ្នកគ្រូ ម្នាក់ៗ មានចិត្ត សោមនស្សរីករាយយ៉ាងណា ក៏ ដោយចុះ ក៏កម្មវិធីនេះ មានការ គោរពវិញ្ញាណក្ខន្ធកងទ័ពដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងវីរះកងទ័ព ជួរមុខ ដែលត្រូវបានយាយីដោយប្រទេសជិតខាងផងដែរ។ ចុងកម្មវិធី អតីតសិស្សវិទ្យាល័យកំពង់ក្ដី បានរៀបចំស្រោមសំបុត្រដល់ លោកគ្រូអ្នកគ្រូ ជា ការគោរព ដឹងគុណ ហើយនិងហូបអាហារសាមគ្គីរួមគ្នា។ បើយោងតាមសម្តី អ្នកមានវត្តមាន ទីនោះ បានប្រាប់ អ្នកសារព័ត៌មានឲ្យដឹង ថាកម្មវិធីនេះមាន គោលបំណងធំបី គឺ ÷
១/ គោរពដឹងគុណ លោកគ្រូអ្នកគ្រូ ដែលធ្លាប់បានអប់រំណែនាំ និងផ្តល់ចំណេះដឹង
២/ រំលឹកអនុស្សាវរីយ៍មិត្ត សិស្សរួមជំនាន់ និងថែរក្សាមិត្តភាព យូរអង្វែង
៣ ចង់ឲ្យសិស្សានុសិស្សជំនាន់ក្រោយយកជាគំរូ ដោយចេះដឹងគោរព គុណគ្រូ និងថែរក្សាមិត្តភាពសិស្សរួមជំនាន់ឲ្យបាន យូរអង្វែង៕





































