អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបំផុសការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់អាជ្ញាធរ មូលដ្ឋាន ត្រូវបំផុសការអភិវឌ្ឍន៍​តំបន់រមណីយដ្ឋានទេសចរណ៍ឱ្យមានការរីកចម្រើន ដើម្បីកំណើនសេដ្ឋកិច្ច ជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ថ្លែងបែបនេះក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនូវសមិទ្ធផលនានាក្នុងបរិវេណមណ្ឌលកំសាន្តទឹកឆារ ស្ថិតនៅក្នុងភូមិថ្មី ឃុំក្រូច ស្រុក ព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងរបស់លោក ឃុន សំបូរ និងលោកស្រី ដែលបានចំណាយធនធាន ដើម្បីធ្វើការអភិវឌ្ឍ កន្លែងកម្សាន្ត រណបឱ្យរមណីយដ្ឋានទឹកឆារនេះ ដែលជាការបន្ថែមនូវវិសាលភាព និងការផ្តល់នូវ សេវាចម្រើសបន្ថែមថ្មី ជូនដល់ភ្ញៀវទេសចរណ៍ សម្រាប់មកលេងកម្សាន្ត ទាំងនេះគឺជាមោទនភាព ថ្មីមួយបន្ថែមទៀតសម្រាប់ស្រុកព្រៃឈរផងដែរ ។

បេីតាម​គណៈគ្រប់គ្រងមណ្ឌលកំសាន្តទឹកធារ​ បានឱ្យដឹងថា​ សមិទ្ធផលជំហ៊ានដំបូងដែលសម្រេចបាន​រួម​មាន​ 1-ក្លោងទ្វារថ្មទំហំបណ្តោយ ៧ម និងកំពស់ ៦ម អមដោយរូបសត្វខ្ទីងថ្មទំហំ ២.៣ម គុណនឹង ២.៦ម
2-អាងហែងទឹក និងស្លាយជិះទំហំបណ្តោយ៣០ម និងទទឹង៧០ម និងមានហាងកាហ្វេដែលមានកន្លែង អង្គុយធំទូលាយ ស្តង់តូចៗលក់អាហារសម្រន់ បន្ទប់ផ្លាស់ខោអាវ ទូរដាក់សម្ភារៈ​ និងខោអាវ តុអង្គុយជុំវិញអាងចំនួន ២០តុ កន្លែងថតរូប និងចំណតរថយន្តធំទូលាយ
3-បន្ទប់ទឹកស្អាតចំនួន២កន្លែង ដែលមានបង្គន់ និងបន្ទប់ងូតទឹកសរុបចំនួន ១៦បន្ទប់
4-បន្ទប់សម្រាប់ជួលស្នាក់នៅលំហែកាយ ដែលជាក់ស្តែងយើងបានសាងសង់សម្រេចជាស្ថាពរចំនួន ២ បន្ទប់គេង និងផ្ទះលក្ខណៈគ្រួសារ ១ខ្នងដែលក្នុងនោះមានបន្ទប់គេងចំនួន​ ២ និងបន្ទប់ទទួលភ្ញៀវ ចំនួន ១ ហើយកំពុងនឹងបន្តការសាងសង់បន្ថែមទៀត​ ៕