សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកសន្និបាតបូកសរុបលទ្ធផល សុខាភិបាល ឆ្នាំ២០២៥ និង លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្មន្តទី៧ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម តោ គឹមស៊ាន
សមាជិកក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីអស់ឯកឧត្ត លោកជំទាវ ជារដ្ឋលេខាធិកា អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីបុគ្គលិកពេទ្យ មន្ទីរពេទ្យ មណ្ឌលសុខភាពស្រុកប្រតិបត្តិ តំណាងអង្គការដៃគូរ ប្រមាណ៥០០នាក់ចូលរួម ។
ថ្លែងបើកសន្និបាតបូកសរុបលទ្ធផល សុខាភិបាលឆ្នាំ២០២៥ និង លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈ ក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌ សំខាន់ក្នុងសភាពការណ៍នៃការឈ្លានពានរបស់ទាហានថៃ មកលើទឹកដីកម្ពុជា ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ពីការវិវត្តន៍ថ្មីៗជាច្រើន ទាំងលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ និង ជួសជុលបន្ថែមនូវអគារផ្សេងៗ ការកសាងសមត្ថភាពមន្រ្តី និងបុគ្គលិក ឲ្យកាន់តែមានសមត្ថភាពខ្ពស់ ស្របតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវអនុសាសន៍ដល់សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ក្នុងការរៀបចំផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៦ និង ឆ្នាំបន្តបន្ទាប់ ដោយខេត្តសៀមរាបជាគោលដៅនៃភ្ញៀវទេសចរណ៍ គឺត្រូវបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ខេត្ត ក្រុង ស្រុក និងមណ្ឌលសុខភាព ព្រមទាំងប៉ុស្តិ៍សុខភាព -បន្តលើកកម្ពស់បណ្តោះបណ្តាលសម្ថតភាពដល់មន្រ្តីរាជការបុគ្គលិក -ពង្រឹងសាមគ្គីភាពវិន័យក្នុងការបំពេញការងារ ការប្រចាំការ២៤ម៉ោង ៧ថ្ងៃក្នុង១សប្តាស៍ -ពង្រឹងលើកកម្ពស់គុណភាពលទ្ធភាពនៃការបម្រើសេវា ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ – ពង្រឹងការធ្វើបដិសណ្ឋារកិច្ចការបម្រើសេវាថែទាំអ្នកជម្ងឺឲ្យល្អប្រសើរបន្ថែមទៀត -ពង្រឹងប្រពន្ធព័ត៌មាន ,តាមដានការវាយតម្លៃយន្តការសុខភាព ឌីជីថល ពាណិជ្ជកម្ម និង ការវាយតម្លៃជាប្រចាំមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែក -បន្តរួមគ្នាដោះស្រាយបញ្ហារក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានច្រើនគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យមានប្រសិទ្ធភាព ជាពិសេសប្រជាពលរដ្ឋមានការលំបាកខ្វះធនធាន -បន្តធ្វើការសហការឲ្យបានខ្ពស់ជាមួយអាជ្ញាធរដៃគូរ នៅក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល សំខាន់ការពង្រីកសេវានៅតាមសហគមន៍ -មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្ន័យទាក់ទងទៅនិងព័ត៌មានត្រឡប់របស់អ្នកជម្ងឺ និងទិន្ន័យសម្រាប់ការពារតាមដានសេវារបស់មន្ទីរពេទ្យ ដើម្បីរៀបចំការអភិវឌ្ឍន៍របស់ខ្លួនកាន់តែប្រសើរ -ពង្រឹងការងារ និញ្ញាតិកម្មរបស់មន្ទីរសុខាភិបាលផ្នែកសាធារណៈ និង ក្រមសីលធម៌វិជ្ជាជីវៈទាំង៥ក្នុងដែនសម្ថតកិច្ចរបស់ខ្លួនផងដែរ ។
លោក លី សារី ក៏បានគូសបញ្ជាក់ថា នៅក្នុងបរិការណ៍នេះការជួបជុំគ្នា ជាឱកាសដ៏មានតម្លៃសម្រាប់ការពិភាក្សា ដែលនឹងផ្តល់អត្ថប្រយោជន៍ជាសារវន្ត ដល់ការបន្តដំណើរទៅមុខ ដោយភាពស្វាហាប់ ក្នុងចក្ខុវិស័យរួម ស្របតាមទស្សនទានមួយចំនួន ។ សមិទ្ធផលវិស័យសុខាភិបាលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ បង្ហាញពីទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃកិច្ចការជាច្រើនក្នុងវិស័យសុខាភិបាល ដែលមន្ទីរសុខាភិបាល រដ្ឋបាលក្រុង ស្រុក អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងតួអង្គពាក់ព័ន្ធទាំងឡាយបាននិងកំពុងអនុវត្ត និងបន្តអនុវត្ត លើកកម្ពស់សុខុមាលភាព ជាគោលនយោ បាយ អាទិភាពចម្បងមួយ ក្នុងចំណោមគោលនយោបាយអភិវឌ្ឍតាមវិស័យ ដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ និងសូមឲ្យគ្រប់ស្ថានប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគួរសុខភាព ផ្តល់ការចូលរួមនៅឆ្នាំខាងមុខឲ្យបានបន្តទៀត។
លោកវេជ្ជបណ្ឌិត ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ពីសមទ្ធិផល ដែលមន្ទីរសុខាភិបាលអនុវត្តបានក្នុងឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅអនុវត្តឆ្នាំ២០២៦ផងដែរ ។
ដើមី្បលើកទឹកចិត្តដល់មន្ត្រី គ្រូពេទ្យដែលបានខិតខំបម្រើសេវាសុខាភិបាលនៅទូទាំងខេត្ត ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានធ្វើការបំពាក់គ្រឿងឥស្សររិយសការងារ ជូនដល់មន្ត្រី គ្រូពេទ្យ ចំនួន ២៤១រូបផងដែរ ៕





































