មហិមារបស់អង្គរ! ភ្ញៀវទេសចរជាង ៧ម៉ឺននាក់ ជួបជុំគ្នាក្រោមពន្លឺសមរាត្រីដ៏អស្ចារ្យ!

0

ខេត្តសៀមរាប៖ ​«នៅពេលដែលពន្លឺព្រះសុរិយា ចុះមកប្រសព្វចំកណ្តាលកំពូលប្រាសាទអង្គរវត្ត វាមិនត្រឹមតែជាបាតុភូតធម្មជាតិនោះទេ ប៉ុន្តែគឺជា “ការរស់ឡើងវិញនៃព្រលឹងដូនតា” ដែលបានបន្សល់ទុកនូវអច្ឆរិយវត្ថុដ៏អស្ចារ្យបំផុតសម្រាប់កូនខ្មែរ និងពិភពលោកទាំងមូល»។

ព្រឹត្តិការណ៍ដ៏មហស្ចារ្យ ដែលពិភពលោកទន្ទឹងរង់ចាំបានមកដល់ហើយ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ រមណីយដ្ឋានអង្គរវត្តបានក្លាយជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្តបំផុត តាមរយៈបាតុកភូត «សមរាត្រីអង្គរ» (Angkor Equinox)។

រូបភាពនៃព្រះសុរិយារះចំកណ្តាលកំពូលប្រាសាទនាព្រឹកនេះ មិនត្រឹមតែបង្ហាញពីសម្រស់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃចំណេះដឹងតារាសាស្ត្រដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរ ដែលបានគណនា និងសាងសង់ប្រាសាទឱ្យមានទំនាក់ទំនងយ៉ាងសុីសង្វាក់ជាមួយចក្រវាល។

​ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ៧០,០០០ នាក់ បានមកជួបជុំគ្នា ប្រកបដោយក្តីស្ញប់ស្ញែង និងមោទនភាព។សន្ទុះនៃលំហូរភ្ញៀវនេះ បានបង្ហាញពីភាពរឹងមាំនៃវិស័យទេសចរណ៍ និងភាពទាក់ទាញមិនចេះរីងស្ងួតនៃបេតិកភណ្ឌខ្មែរ។

​ក្នុងព្រឹត្តិការណ៍សមរាត្រីនេះ អាជ្ញាធរពាក់ព័ន្ធ ត្រូវគេឃើញបានខិតខំសម្របសម្រួល និងរក្សាសណ្តាប់ធ្នាប់ ធ្វើឱ្យព្រឹត្តិការណ៍នេះបញ្ចប់ទៅដោយភាពជោគជ័យ និងផ្តល់នូវស្នាមញញឹមដល់ភ្ញៀវគ្រប់ៗរូប៕