ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីបន្តលើកកម្ពស់សោភ័ណភាពបៃតង និងការថែរក្សារុក្ខជាតិកម្រ ដែលជាអត្តសញ្ញាណតំបន់ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះដាំដុះឡើងវិញនូវដើមទ្រាំងចំនួន ៣៥ ដើម នាល្ងាចថ្ងៃទី២៩មេសា២០២៦ នៅលើសួនច្បារ «បវរធិបតី» ដែលជាបេះដូងថ្មីនៃក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ការជ្រើសរើស «ដើមទ្រាំង» មកលម្អសួនច្បារកណ្តាលក្រុង មិនមែនជារឿងចៃដន្យឡើយ។ ដើមទ្រាំង (Traing Palm) ជារុក្ខជាតិមានអាយុកាលវែង និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវប្បធម៌ខ្មែរ ជាដើមឈើដែលផ្តល់ស្លឹកសម្រាប់ចារ «ស្លឹករឹត» រក្សាចំណេះដឹង និងធម៌វិន័យខ្មែរតាំងពីបុរាណ មានរូបរាងអស្ចារ្យ ប្លែកពីដើមឈើដទៃ ផ្តល់នូវទិដ្ឋភាពបៃតងបែបធម្មជាតិពិតៗ ដែលរកបានដោយកម្រក្នុងភូមិសាស្ត្រផ្សេង។ «ដើមទ្រាំង» នៅពេលវាឫសចាក់ជ្រៅ វាជារុក្ខជាតិដែលអាចធន់នឹងអាកាសធាតុក្តៅបានយ៉ាងល្អ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ថា «ដើមនេះពិបាកដាំ ពិបាកថែ តែមានគុណតម្លៃ ជាអត្តសញ្ញាណខេត្ត»។ នេះជាសារសបញ្ជាក់ថា ទោះបីជាការដាំដុះកន្លងមកជួបឧបសគ្គ ដោយក្នុងដំណាក់កាលទី១ រស់បានត្រឹម ៩ដើម ក្នុងចំណោម ៤២ដើមក៏ដោយ ក៏រដ្ឋបាលខេត្តមិនបោះបង់ចោលនូវមរតកធម្មជាតិមួយនេះឡើយ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានបញ្ជាក់ថា សម្រាប់ការដាំដុះក្នុងដំណាក់កាលទី២នេះ ក្រុមជំនាញបានដកស្រង់បទពិសោធន៍ពីមុន ដោយមានការចូលរួមផ្តល់បច្ចេកទេសផ្ទាល់ពីព្រឹទ្ធាចារ្យ ដែលមានបទពិសោធន៍មកពីស្រុកថាឡាបរិវ៉ាត់ ដើម្បីធានាឱ្យបាននូវអត្រារស់រានខ្ពស់។
បេះដូងថ្មីនៃទេសចរណ៍ សួនច្បារបវរធិបតី គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏វែងអន្លាយ ដែលមិនត្រឹមតែបម្រើដល់ការហាត់ប្រាណ និងការកម្សាន្តរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជា «សារមន្ទីរបៃតង» បង្ហាញពីសក្តានុពលរុក្ខជាតិក្នុងស្រុក សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងស្វែងយល់ពីអត្តសញ្ញាណខេត្តស្ទឹងត្រែងកាន់តែច្បាស់។
ការដាំដើមទ្រាំងនេះ គឺជាជំហានដ៏សំខាន់ក្នុងការកសាងមុខមាត់ក្រុងស្ទឹងត្រែង ឱ្យក្លាយជា «ទីក្រុងបៃតង ស្រស់បំព្រង និងពោរពេញដោយដួងព្រលឹងវប្បធម៌»៕ដោយ៖ឡុង សំបូរ






































