ខេត្តព្រះវិហារ-ខេត្តយ៉ាឡាយ ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមផ្ទាល់ រួមជាមួយអភិបាលខេត្តស្ទឹងត្រែង និងខេត្តរតនគីរី ដើម្បីពិភាក្សា និងកំណត់ទិសដៅការងាររួមគ្នា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ដ៏មានសារៈសំខាន់មួយ រវាងខេត្តចំនួន ៣ របស់កម្ពុជា រួមមាន៖ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី ជាមួយ ខេត្តយ៉ាឡាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាល ៥ឆ្នាំបន្ត (២០២៦-២០៣០)។
ក្នុងពិធីនោះ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានលើកឡើងពីវិស័យអាទិភាព នៃកិច្ចសហប្រតិបត្តិការថ្មី ដោយផ្តោតលើខ្លឹមសារ នៃអនុស្សារណៈយោគយល់គ្នា លើគន្លឹះសំខាន់ៗរួមមាន៖ ដោយបន្តពង្រឹងការរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ,បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ,ជំរុញការផ្លាស់ប្តូរទំនិញ បង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន និងទាក់ទាញការវិនិយោគលើវិស័យកសិកម្ម រវាងខេត្ត និងខេត្ត ,បន្តផ្លាស់ប្តូរបទពិសោធន៍ការងារ បណ្តុះបណ្តាលធនធានមនុស្ស និងរួមគ្នាផ្សព្វផ្សាយសក្ដានុពលទេសចរណ៍តំបន់ភូមិភាគឦសាន ឱ្យកាន់តែទូលំទូលាយ និងបង្កើនកិច្ចសហការបង្ការទប់ស្កាត់ជំងឺឆ្លង និងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជាប់ព្រំដែន។
ក្នុងពិធីចុះហត្ថលេខានេះ ភាគីទាំងពីរ (កម្ពុជា-វៀតណាម) បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរឹតចំណងសាមគ្គីភាព និងមិត្តភាពឱ្យកាន់តែស្អិតរមួត ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃខេត្តទាំងបួន (កម្ពុជា-វៀតណាម) និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕ដោយ៖ឡុង សំបូរ







































