មិនអាចគេចផុត! ល្បិច “ដឹកគោបន្លំឈើ” ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើរវៀង បំបែកសំណុំរឿងបានជោគជ័យ

0

ខេត្តព្រះវិហារ៖ ទោះបីជាក្រុមជនល្មើសខិតខំច្នៃប្រឌិតល្បិចកលថ្មីៗ ដើម្បីបិទបាំងសកម្មភាពខុសច្បាប់យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចឆ្លងផុតខ្សែភ្នែក និងការយកចិត្តទុកដាក់ខ្ពស់របស់មន្ត្រីជំនាញបានឡើយ។ ជាក់ស្ដែង ករណីបង្ក្រាបរថយន្តដឹកឈើបង្កប់ក្រោមហ្វូងគោ បានក្លាយជាភស្តុតាងថ្មីមួយ បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់សមត្ថកិច្ចក្នុងការការពារធនធានធម្មជាតិ

កម្លាំងជំនាញនៃសង្កាត់រដ្ឋបាលព្រៃឈើរវៀង នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦  បានបើកប្រតិបត្តិការបង្ក្រាបករណី ដឹកជញ្ជូនផល-​អនុផលព្រៃឈើដោយខុសច្បាប់ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ជនល្មើសបានប្រើប្រាស់រថយន្តប្រភេទកូរ៉េ (ស្លាកលេខ កំពង់ធំ 3A-1013) ដោយដាក់គោពីលើក្ដារឈើពីក្រោម ដើម្បីធ្វើឱ្យសមត្ថកិច្ចមានការភាន់ច្រឡំថា ជាការដឹកជញ្ជូនសត្វពាហនៈធម្មតា។

ប៉ុន្តែ តាមរយៈការសង្កេតយ៉ាងល្អិតល្អន់ និងការក្ដាប់ព័ត៌មានច្បាស់ការ មន្ត្រីជំនាញបានឃាត់រថយន្តនេះពិនិត្យ និងរកឃើញឈើក្ដារជាច្រើនសន្លឹក ដែលលាក់ទុកយ៉ាងជិតឈឹងនៅផ្នែកខាងក្រោម។

ក្រោយការបង្ក្រាប និងរឹបអូសរថយន្តល្មើស រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីវាស់វែង និងចងក្រងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។ ការបង្ក្រាបនេះទៀត មិនត្រឹមតែជាការទប់ស្កាត់បទល្មើសជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្តែគឺជាសារព្រមានយ៉ាងធ្ងន់ធ្ងរដល់ជនទាំងឡាយណា ដែលនៅតែបន្តប្រើប្រាស់វិធីសាស្ត្រ “បន្លំភ្នែក” ដើម្បីបំផ្លាញសម្បត្តិធម្មជាតិរបស់ជាតិ។

ជុំវិញករណីនេះ តំណាងមន្ត្រីជំនាញបានបញ្ជាក់ថា «ទោះជាជនល្មើសប្រើវិធីសាស្ត្របន្លំស្មុគស្មាញយ៉ាងណាក៏ដោយ ក៏មិនអាចលាក់បាំងវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តរបស់យើងបានឡើយ»។ ទន្ទឹមនឹងការខិតខំរបស់មន្ត្រី បេសកកម្មការពារព្រៃឈើនេះ ត្រូវការជាចាំបាច់នូវកិច្ចសហការពីពលរដ្ឋ ការផ្ដល់ព័ត៌មានទាន់ហេតុការណ៍គឺជា “អាវុធ” ដ៏សំខាន់ ដើម្បីធានាបាននូវចីរភាពនៃធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ៕ដោយ៖ឡុង សំបូរ