ខេត្តព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបើកប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ដែលកំពុងធ្វើសកម្មភាពឆ្លងកាត់តំបន់ការពារធម្មជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍ពីមន្ត្រីជំនាញ ប្រតិបត្តិការនេះដឹកនាំដោយ លោក នៅ ប្រុស អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប រួមជាមួយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី។ កម្លាំងជំនាញបានធ្វើការឃាត់រថយន្តដឹកជញ្ជូនបទល្មើសធនធានធម្មជាតិ(ឈើជ្រុង) នៅចំណុចនិយាមកា (៥៣៦៧០៦-១៥៦១១៣៨) ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
របាយការណ៍បានបង្ហាញទៀតថា សមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាងបទល្មើស រួមមាន៖ រថយន្ត១គ្រឿង ម៉ាក Highlander ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1443 ,ឈើប្រភេទសុក្រំ ចំនួន ០.៨៦៧ ម៉ែត្រត្រីគុណ។ ដោយឡែក តៃកុងរថយន្តដឹកឈើ មិនត្រូវបានឃាត់ខ្លួននោះឡើយ សង្ស័យរត់គេចក្នុងពេលសមត្ថកិច្ចស្ទាក់ចាប់រថយន្ត។
ក្រោយការបង្ក្រាបវត្ថុតាងរថយន្ត និងឈើទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការក្បាលដំរី ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
សកម្មភាពបង្ក្រាបរថយន្តដឹកឈើនេះ គេបានចាត់ទុក គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីឧទ្យានុរក្ស ក្នុងការការពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕ដោយ៖ឡុង សំបូរ




































