សហគមន៍ជនជាតិដើមភាគតិចកួយ អំពាវនាវឲ្យសង្គ្រោះបន្ទាន់ បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ

0

ខេត្តព្រះវិហារ៖ ស្ថានភាពព្រៃឈើនៅក្នុងតំបន់ការពារ កាន់តែស្ថិតក្នុងភាពផុយស្រួយ ខណៈដែលសហគមន៍ជនជាតិដើមភាគតិចកួយ បានរាយការណ៍ពីសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងសកម្ម ចេញពីតំបន់អូរស្កាច (តំបន់៩៤) នៃដែនជម្រកសត្វព្រៃព្រះរការ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ។

តាមរយៈការចុះល្បាតដោយផ្ទាល់ សហគមន៍បានរកឃើញភស្តុតាងនៃមហន្តរាយធម្មជាតិ រួមមានឈើគ្រឿងចំនួន ១២២សន្លឹក សសរ ២៩ដើម និងក្តារ ៦៦សន្លឹក ដែលសរុបមានមាឌប្រមាណ ៥០ម៉ែត្រគូប។ ឈើទាំងនេះត្រូវបានគេលួចកាប់ និងជ្រៀកទុកនៅចំណុចអូរស្កាច ក្បែរវាលស្តៅ ដើម្បីត្រៀមដឹកជញ្ជូនចេញ ក្នុងទម្រង់ជាក្រុមយ៉ាងគឃ្លើន។

តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ បានដាក់សំណូមពរយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរបរិស្ថានខេត្តព្រះវិហារ ឱ្យចាត់វិធានការទប់ស្កាត់ជាបន្ទាន់ និងមានប្រសិទ្ធភាពបំផុត ដោយសហគមន៍បានសង្កត់ធ្ងន់ថា៖ ត្រូវស៊ើបអង្កេត និងដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដល់ “មន្ត្រីខិលខូច” ដែលពាក់ព័ន្ធនឹងការលួចលក់សម្បត្តិធម្មជាតិ ស្របតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ,ស្នើឱ្យរដ្ឋបាលខេត្ត ចុះប្រមូលឈើដែលនៅសេសសល់ទាំងនោះ ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍សាធារណៈ ដូចជាសាងសង់ផ្ទះជូនជនភៀសសឹក សាងសង់សាលារៀន វត្តអារាម ឬមណ្ឌលសហគមន៍ដែលកំពុងខ្វះខាត។

ដែនជម្រកសត្វព្រៃព្រះរការ មិនត្រឹមតែជាជម្រកសត្វព្រៃដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រលឹង និងជាប្រភពជីវភាពរបស់បងប្អូនជនជាតិដើមភាគតិច និងប្រជាជាតិទាំងមូលផងដែរ លើការពឹងផ្អែក និងអាស្រ័យការរស់នៅលើអនុផលព្រៃឈើ(វល្លិ៍ ផ្តៅ ផ្លែឈើ)។ ការកាប់បំផ្លាញព្រៃឈើនៅថ្ងៃនេះ គឺជាការបំផ្លាញអនាគតកូនចៅនៅថ្ងៃស្អែក។

ព្រៃឈើជួយរក្សារបបទឹកភ្លៀង ការពារការឡើងកម្ដៅផែនដី និងផ្ដល់ខ្យល់ដង្ហើមដល់យើងគ្រប់គ្នា។ ដូច្នេះ ការការពារធនធានធម្មជាតិ មិនមែនជារឿងរបស់សហគមន៍ ឬអាជ្ញាធរតែម្នាក់ឯងនោះទេ វាគឺជាការចូលរួមពីយើងម្នាក់ៗ តាមរយៈការមិនគាំទ្រផល-អនុផលព្រៃឈើខុសច្បាប់ និងការហ៊ានរាយការណ៍ពីបទល្មើស។ អ្នកដែលបំផ្លាញព្រៃឈើ គឺជាអ្នកបំផ្លាញសេចក្ដីសុខរបស់សង្គមជាតិ ហើយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។ ដូច្នេះ ការរួមគ្នាការពារព្រៃឈើនៅថ្ងៃនេះ ដើម្បីសន្តិសុខបរិស្ថាន និងភាពស្រស់បំព្រងនៃមាតុភូមិកម្ពុជាជានិរន្តរ៍៕ដោយ៖ឡុង សំបូរ