ខេត្តស្ទឹងត្រែងត្រៀមខ្លួនរួចរាល់លើការលើកគម្រោងផ្លូវឆ្ពោះទៅតំបន់ទេសចរណ៍ដងទន្លេមេគង្គ កំពុងលេចចេញជារូបរាង

0

ខេត្តស្ទឹងត្រែង៖ សក្តានុពលទេសចរណ៍ដ៏អស្ចារ្យតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង នឹងកាន់តែមានភាពទាក់ទាញខ្លាំង បន្ទាប់ពីអាជ្ញាធរខេត្តបានសម្រេចរៀបចំគម្រោងខ្នាតធំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

គម្រោងនេះនឹងផ្តោតសំខាន់លើការតភ្ជាប់ពីផ្លូវជាតិ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងសហគមន៍អេកូទេសចរណ៍ ក្នុងក្រុងស្ទឹងត្រែង និងស្រុកបុរីអូរស្វាយសែនជ័យ ដែលជាតំបន់ “មាសបៃតង” នៃខេត្តភាគឦសានមួយនេះ។ អ្វីដែលនឹងផ្លាស់ប្តូរក្នុងពេលឆាបៗនេះ ពីផ្លូវដីមកជាផ្លូវកៅស៊ូ និងផ្លូវបេតុង នឹងត្រូវបញ្ចប់ការធ្វើដំណើរដ៏លំបាក ប្តូរមកជាការធ្វើដំណើរដោយរលូន និងសុវត្ថិភាព។

អាជ្ញាធរខេត្ត នឹងសាងសង់ស្ពានតូចៗ ប្រព័ន្ធបង្ហូរទឹក ស្លាកសញ្ញាទិសដៅច្បាស់លាស់ និងចំណតរថយន្តធំទូលាយ ,បង្កើតកន្លែងសម្រាកលម្ហែកាយ កន្លែងលក់ផលិតផលសហគមន៍ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់ប្រជាពលរដ្ឋ។

“ការអភិវឌ្ឍផ្លូវ គឺជាគន្លឹះសំខាន់ក្នុងការបើកចំហរសក្តានុពលទេសចរណ៍របស់ខេត្តស្ទឹងត្រែង។ ពេលមានផ្លូវល្អ ភ្ញៀវទេសចរនឹងមកកាន់តែច្រើន ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក៏នឹងរីកចម្រើន​តាមរយៈការលក់ផលិតផល និងសេវាកម្មផ្សេងៗ” នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង។

ទន្ទឹមនឹងការស្ថាបនា អាជ្ញាធរខេត្តបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍនេះត្រូវដើរទន្ទឹមនឹង”ការការពារបរិស្ថាន” និងការចូលរួមពីសហគមន៍ ដើម្បីរក្សាបាននូវសម្រស់ធម្មជាតិដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

នៅពេលគម្រោងនេះបញ្ចប់ ខេត្តស្ទឹងត្រែងនឹងក្លាយជាគោលដៅទេសចរណ៍ ដែលមិនអាចរំលងបាន ជួយបង្កើតការងារ បង្កើនចំណូលដល់មូលដ្ឋាន និងធ្វើឱ្យបណ្តាញទេសចរណ៍តាមដងទន្លេមេគង្គ កាន់តែមានភាពរស់រវើក និងរឹងមាំ “ស្ទឹងត្រែង ទឹកដីនៃស្នាមញញឹម និងសម្រស់ធម្មជាតិ កំពុងរង់ចាំស្វាគមន៍អ្នក”៕ដោយ៖ឡុង សំបូរ