ខេត្តហ្សាឡាយ-ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការតំបន់ឱ្យកាន់តែស្អិតរមួត កម្ពុជា និងវៀតណាម បានឈានដល់ការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ដ៏មានសារៈសំខាន់មួយ ដើម្បីជំរុញការអភិវឌ្ឍពហុវិស័យ សម្រាប់រយៈពេល ៥ឆ្នាំ(២០២៦-២០៣០)ខាងមុខ។
កិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំខេត្តជាប់ព្រំដែន (កម្ពុជា ៣ខេត្ត និងវៀតណាម ១ខេត្ត) ដែលបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តហ្សាឡាយ (Gia Lai) ប្រទេសវៀតណាម ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រមួយត្រូវបានប្រារព្ធឡើង រវាងអភិបាលខេត្តចំនួន ៣ របស់កម្ពុជា គឺ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង,លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាមួយភាគីវៀតណាម ដឹកនាំដោយ លោក ថៃ ដាយង៉ុក (លេខាបក្សខេត្តយ៉ាឡាយ) និង លោក ហ្វាម អាញ់ទ័ន (ប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ)។
កិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនទាំង៤នេះ ក៏មានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់ លោកស្រី ទូច សុផារ័ត្ន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ផងដែរ។ ទិសដៅយុទ្ធសាស្ត្រ ២០២៦-២០៣០ យោងតាមខ្លឹមសារនៃអនុស្សរណៈ ភាគីទាំងពីរបានឯកភាពគ្នាបន្តថែរក្សា និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះៗ ចំនួន ៩ រួមមាន៖ សេដ្ឋកិច្ច និងការវិនិយោគ ដោយបង្កើនលំហូរពាណិជ្ជកម្ម និងឧស្សាហកម្ម ,ហេដ្ឋារចនាសម្ព័ន្ធ ជំរុញការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងធនធានទឹក ,កសិកម្ម និងទេសចរណ៍ គឺការរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ វប្បធម៌ និងធម្មជាតិ ,វិទ្យាសាស្ត្រ និងសុខាភិបាល ដោយបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកវិទ្យា ,សន្តិសុខ និងមនុស្សធម៌ បន្តកិច្ចការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម។
ក្នុងឱកាសនោះ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ខេត្តហ្សាឡាយ និងបានសង្កត់ធ្ងន់ថា៖ «រដ្ឋបាលខេត្តស្ទឹងត្រែង និងប្រជាជនកម្ពុជា តែងតែចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជា ឱ្យចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩»។
លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ការចុះហត្ថលេខានៅថ្ងៃនេះ មិនត្រឹមតែជាការបន្តនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបើកទំព័រថ្មីនៃ “ភាពជាដៃគូយុទ្ធសាស្ត្រតាមព្រំដែន” ដើម្បីសន្តិភាព និងវិបុលភាពរួម នៃប្រជាជាតិទាំងពីរ៕ដោយ៖ឡុង សំបូរ







































