អភិបាលខេត្តប៉ៃលិន ពិនិត្យមើលវឌ្ឍនភាពការងារក្រុមជាងចម្លាក់រូបសំណាកព្រះវិស្ណុ សម្រាប់ដាក់នៅរង្វង់មូលថ្មី

ប៉ៃលិន៖ រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការងារក្រុមជាងចម្លាក់រូបសំណាកព្រះវិស្ណុ សម្រាប់ដាក់នៅរង្វង់មូលថ្មី ស្ថិតលើ​ដងផ្លូវជាតិ​លេខ ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់​សោភ័ណភាព និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោម​​គោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខ​សន្តិភាព​ពេញលើ​ផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាង​ក្តៅ​គគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃទៅ​មួយ​ថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលព្រះវិស្ណុមួយនេះ បានលេចចេញជារូបរាងឡើងនាពេលខាងមុខ គឺនឹង​ជួយ​សម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង​ជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះផងដែរ។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ​នាំគ្នា​ចូល​រួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និង​អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ រូបសំណាកព្រះវិស្ណុ ដៃ៨ គឺជារូបបង្ហាញអំណាចសក្ការៈខ្ពស់បំផុតមួយក្នុងសាសនាព្រហ្មញ្ញ–ហិណ្ឌូ និងសិល្បៈ​ខ្មែរ បុរាណ ដោយអត្ថន័យទូទៅព្រះវិស្ណុ ដៃ៨ តំណាងឱ្យអំណាចពេញលេញក្នុងទិសទាំង៨ សមត្ថភាពការពារពិភព​លោកគ្រប់ទិសការគ្រប់គ្រងសកលលោក និងធម៌ ហើយដៃទាំង៨ កាន់វត្ថុសក្ការៈផ្សេងៗ ដែលមានន័យជាក់លាក់គឺ «ចក្រ»– យុត្តិធម៌ និងការផ្តន្ទាទោសអំពើអកុសល, «ស័ង្ខ» – សំឡេងសកល ការដាស់ភ្ញាក់​ធម៌, «កដា»– កម្លាំង និងការការពារ, «ផ្កាឈូក»– ភាពបរិសុទ្ធ បញ្ញា និងការកើតឡើងវិញ, «ធ្នូ»– ការត្រៀមការពារ និងការគ្រប់គ្រងសត្រូវ, «ព្រួញ»– ការចាត់ចែង និងការវាយប្រហារលើអំពើអាក្រក់, «ដាវ»– ប្រាជ្ញា កាត់ផ្តាច់អវិជ្ជា, និង«ខែល ឬ ខ្សែ»– ការការពារ និងការគ្រប់គ្រងអំពើអសុរ(វត្ថុខ្លះអាចខុសគ្នាតាមសិល្បៈ និងសម័យ)៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន