ខេត្តព្រះវិហារ៖ ក្រុមការងារអភិរក្សនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានបើកយុទ្ធនាការចុះសម្អាត និងរៀបចំតំបន់ប្រាសាទឫសត្រដោក ដែលជាសម្បត្តិវប្បធម៌បុរាណដ៏មានតម្លៃ លាក់ខ្លួនក្នុងភូមិគីឡូលេខប្រាំបី សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
សកម្មភាពនេះមិនត្រឹមតែជាការថែរក្សាអនាម័យជុំវិញតួប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការងារបច្ចេកទេស ដើម្បីវាស់វែង និងកំណត់ផ្ទៃដីការពារដោយមានទំហំរហូតដល់ ១,៨០០ម៉ែត្រការ៉េ បណ្តោយ៤៥ម៉ែត្រ និងទទឹង៤០ម៉ែត្រ។
តាមរយៈរូបភាព និងសកម្មភាពនេះបានបង្ហាញឱ្យឃើញថា តួប្រាសាទដែលសាងសង់អំពីឥដ្ឋ បានរងការបាក់បែកជាខ្លាំង ដោយនៅសេសសល់ត្រឹមគ្រឹះ និងជញ្ជាំងផ្នែកខ្លះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់មន្ត្រីជំនាញ និងការចូលរួមការពារពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការចុះសម្អាតរបស់មន្ត្រីជំនាញនាពេលនេះ គឺជាជំហានដំបូងក្នុងការរៀបចំបញ្ជីសារពើភណ្ឌ និងការពារដីធ្លីជុំវិញប្រាសាទ កុំឱ្យមានការរំលោភបំពានពីសំណាក់ជនខិលខូច និងដើម្បីបង្ហាញឱ្យកូនចៅជំនាន់ក្រោយ បានស្គាល់ពីតម្លៃនៃប្រវត្តិសាស្ត្រ នៅក្នុងទឹកដីខេត្តព្រះវិហារ។
តាមរយៈការពិនិត្យលើរចនាសម្ព័ន្ធឥដ្ឋ និងទីតាំងភូមិសាស្ត្រ លទ្ធផលស្រាវជ្រាវសង្ខេបបានបង្ងាញថា ប្រាសាទដែលសាងសង់អំពីឥដ្ឋ និងមានទម្រង់បែបនេះ ច្រើនតែស្ថិតក្នុង សម័យមុនអង្គរ (សតវត្សរ៍ទី៧-៨) ឬដើម សម័យអង្គរ (សតវត្សរ៍ទី៩)។ នៅក្នុងតំបន់ខេត្តព្រះវិហារ មានប្រាសាទឥដ្ឋតូចៗជាច្រើន ដែលត្រូវបានកសាងឡើង ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ប្រាសាទនេះអាចស្ថិតក្នុងរចនាបថ សម្បូរព្រៃគុក ឬ គូលែន ដោយសារការប្រើប្រាស់ឥដ្ឋជាសម្ភារៈសំណង់ចម្បង មុនពេលដែលបុព្វបុរសខ្មែរងាកមកប្រើប្រាស់ថ្មភក់ និងថ្មបាយក្រៀមយ៉ាងទូលំទូលាយ។
ប្រាសាទនេះរងការខូចខាតស្ទើរតែទាំងស្រុង ដែលអាចបណ្តាលមកពីកត្តាសំខាន់ៗចំនួន ៣ គឺ៖ កត្តាធម្មជាតិ (រាប់រយឆ្នាំមកហើយ) ដោយសារសំណង់ធ្វើអំពីឥដ្ឋ កាលណាមានដើមឈើដុះលើ ឫសឈើនឹងចាក់ចូលចន្លោះឥដ្ឋ បណ្ដាលឱ្យតួប្រាសាទហែក និងបាក់ស្រុតចុះ។ ម្យ៉ាងទៀត ទឹកភ្លៀង និងសំណើមបានធ្វើឱ្យតំណភ្ជាប់រវាងឥដ្ឋចុះខ្សោយ។
តំបន់ខេត្តព្រះវិហារ គឺជាសមរភូមិក្តៅនាដើមទសវត្សរ៍ឆ្នាំ៧០ ដល់ចុងឆ្នាំ៩០។ ការផ្ទុះអាវុធ និងការបោះជុំរុំទ័ពនៅតាមតំបន់ព្រៃភ្នំ អាចជាកត្តាធ្វើឱ្យប្រាសាទបុរាណរងការបំផ្លិចបំផ្លាញបន្ថែម។
ការជីកកកាយរកកំណប់ នេះគឺជាបញ្ហាប្រឈមធំបំផុតសម្រាប់ប្រាសាទឥដ្ឋតូចៗ។ ជនខិលខូចតែងតែជីកកកាយនៅចំកណ្តាលតួប្រាសាទ ដើម្បីស្វែងរកវត្ថុមានតម្លៃ ជាហេតុធ្វើឱ្យសំណង់ទាំងមូលបាត់បង់លំនឹង និងបាក់រលំ។
បច្ចុប្បន្នប្រាសាទនេះនៅសល់ត្រឹមតែគ្រឹះ និងគំនរឥដ្ឋ។ ការចុះសម្អាតរបស់មន្ទីរវប្បធម៌ គឺជាសញ្ញាវិជ្ជមានក្នុងការ «សង្គ្រោះ» ទិន្នន័យប្រវត្តិសាស្ត្រ កុំឱ្យបាត់បង់រូបរាងកាន់តែខ្លាំងជាងនេះ។
យោងរបាយការណ៍មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានបង្ហាញថា ចាប់ពីថ្ងៃទី២១មេសា ដល់ថ្ងៃទី២៨មេសា២០២៦ ក្រុមការងារអភិរក្សប្រាសាទ បានចុះបោសសម្អាតស្មៅ ស្លឹកឈើដែលទុំជ្រុះនារដូវប្រាំង និងកាត់កូនរុក្ខជាតិ នៅក្នុងបរិវេណនៃប្រាសាទ បានជាច្រើនទីតាំងក្នុងនោះ រួមមាន៖ “ប្រាសាទកូនចិន” ប្រាសាទនេះ ស្ថិតនៅក្នុងភូមិតែល ឃុំស្រយង់ ស្រុកគូលែន ,”ប្រាសាទនាគបួស” ស្ថិតក្នុងបរិវេណប្រាសាទថ្នល់ស្វាយ ប្រាសាទនេះមានបណ្ដោយ ៨០ម៉ែត្រ និង ទទឹង ៦០ម៉ែត្រ លាតសន្ធឹងលើផ្ទៃដី ៤៨០០ម៉ែត្រការ៉េ ស្ថិតនៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត , “ប្រាសាទព្រះខ័ន” បានធ្វើការត្រួសត្រាយសម្អាតកូនឈើ និង បោចសម្អាតស្មៅ នៅក្នុងបរិវេណ រៀនហាល និង ខ្លោងទ្វារចូលខាងកើតនៃកំពែងទី១ ក្នុងតំបន់ប្រាសាទ មានទីតាំងស្ថិតនៅ ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ,”ប្រាសាទផុង” ប្រាសាទនេះមានបណ្ដោយ ៥០ម៉ែត្រ និងទទឹង ៤០ម៉ែត្រលាតសន្ទឹងលើផ្ទៃក្រឡា ២០០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងទឹកដីភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន និង “ប្រាសាទត្រាំងស្នែង” ប្រាសាទនេះមានបណ្ដោយ ៤០ ម៉ែត្រ និងផ្ទៃទទឹង ៣០ ម៉ែត្រ លាតសន្ធឹងលើផ្ទៃក្រឡា ១២០០ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ៕ដោយ៖ឡុង សំបូរ






































