កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ធ្វេីយ៉ាងណាកុំឱ្យការសប្បាយក្លាយទៅជាទុក្ខ ពោលគឺត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ការថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត និងនិវត្តជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញលើកកម្ពស់ ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា នេះជាការជួបជុំគ្នា តាមគំរូ ថ្នាក់ដឹកនាំមុន ៗ ពិសេសគឺ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីត អភិបាលខេត្តកំពង់ចាម តែងតែធ្វើឡើង សម្រាប់ឱកាស បុណ្យភ្ជុំបិណ្ឌ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើង មានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូល និវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាមទាំងអស់ ព្រម ទាំងឧបត្ថម្ភនូវថវិកាមួយចំនួន ដើម្បីឱ្យបងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការ ៕






































