អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនគ្រួសារកងទ័ព ១៨៥គ្រួសារ

0

ត្បូងឃ្មុំ: ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារវីរកងទ័ពចំនួន ១៨៥គ្រួសារ ដែលមានស្វាមី ឪពុក ឬកូន កំពុងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងពីការគិតគូរខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់គ្រួសារកងទ័ព ដែលជាកម្លាំងគាំទ្រដ៏សំខាន់នៅពីក្រោយជួរមុខ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាក្នុងការការពារជាតិ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក និងឃុំ ឱ្យបន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខ ឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួន នៅជួរក្រោយ ទទួលបានការមើលថែបានដិតដល់។

ជាមួយគ្នានោះឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ក៏បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួន ឧបត្ថម្ភជូន ដល់ក្រុមគ្រួសារកងទ័ព ចំនួន ១៨៥គ្រួសារ ដើម្បីរួមចំណែកសម្រាលនូវការលំបាក និងជាការបង្ហាញនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏មោះមុត ក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា និងអធិបតេយ្យជាតិផងដែរ ៕