ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដូចភ្លៀងរលឹម

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង បានដឹកនាំសហការី នៃកងកម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះ ប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ បានធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ នៅក្នុងភូមិសាស្ត្រឃុំកំពង់គោ និងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ទោះបីកងកម្លាំងចម្រុះ ធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ក្នុងការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ។ តែជនខិលខូចមួយចំនួននៅតែបំពានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់ដល់ធនធានមច្ឆជាតិ និងសង្គមជាតិទាំងមូលឡើយ ។ ជាក់ស្ដែងនៅក្នុងរដូវបិទនេសាទរយៈពេលបួនខែកន្លងទៅនេះ កងកម្លាំងចម្រុះបង្ក្រាបរបាំងស្បៃមុង និងរបាំងសាច់អួន ដែលជាឧបករណ៍នេសាទល្មើសច្បាប់ បានប្រមាណជាង ២០០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរ អំពីលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងបឹងទន្លេសាបនាពេលកន្លងទៅ ក៏ដូចជាការបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទនាពេលថ្មីៗនេះ  បានធ្វើឲ្យបច្ចុប្បន្ន ផលត្រីបានសម្បូរឡើងវិញជាបណ្ដើរៗ ហើយ ។ រីឯប្រជាពលរដ្ឋដែលនេសាទត្រីជាលក្ខណៈគ្រួសារ បានថ្លែងនូវការអបអរសាទរ ចំពោះកម្លាំងចម្រុះ ដែលមានកងទ័ពជាស្នូល ក្នុងការបង្ក្រាបទល្មើសនេសាទខុសច្បាប់ ទើបធ្វើឲ្យផលត្រីនៅឆ្នាំនេះសំបូរជាងបណ្ដាឆ្នាំកន្លងទៅ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្ត ដាច់ខាត បន្តគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោពលខេមរភូមិន្ទ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យទទួលបានជោគជ័យ ដើម្បីជាផលប្រយោជន៍របស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ៕