មន្ទីរទេសចរណ៍ខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារ ក្នុងវិស័យទេសចរណ៍” ជាមួយមន្ទីរ អង្គភាពជំនាញ និងផ្នែកឯកជន ក្នុងវិស័យទេសចរណ៍

0

កំពង់ធំ÷ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារ ក្នុងវិស័យទេសចរណ៍” ជាមួយមន្ទីរ អង្គភាពជំនាញ និងផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។

ជាមួយគ្នានៅផងដែរលោក សេង អាន បានគូសបញ្ជាក់ថាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាទទួលបាននូវស្ថេរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គម ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ។ អរគុណសន្តិភាព មានសន្តិភាព ទើបមានទេសចរណ៍, ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព។ ខេត្តកំពង់ធំជាខេត្តមួយដែលមានសក្តានុពល ទាក់ទាញភ្ញៀវទេសចរ ដែលរួមមានៈ ប្រាង្គប្រាសាទបុរាណ ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មប្រវត្តិសាស្ត្រ អាណានិគម ហើយក្រៅពីនេះនៅមានប្រាសាទបុរាណ ដងស្ទឹង ព្រៃភ្នំ បឹងបួរ ទន្លេ សត្វស្លាប បង្កលក្ខណៈ ជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ស្នាមញញឹមរួសរាយរាក់ទាក់ប្រកបដោយភាព ទន់ភ្លន់ទាក់ចិត្តទេសចរ ដែលជាសក្តានុពលទេសចរណ៍យ៉ាងសំខាន់ ដែលនេះជាចលករមួយដ៏ សំខាន់ក្នុងការទាក់ទាញទេសចរមកទស្សនា កម្សាន្ត សិក្សាស្រាវជ្រាវ និងសម្រាកលំហែបានចូលរួម ចំណែកលើកកម្ពស់សេដ្ឋកិច្ចខេត្ត រហូតដល់មូលដ្ឋាន សុខុមាលភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបន្តទៀតថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ចំនួនទេសចរដែលបានមកស្នាក់នៅក្នុងខេត្តកំពង់ធំមាន សរុប ១៤៥,៦២៨នាក់ កើនឡើង៤.៥៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដោយក្នុងនោះមាន ទេសចរជាតិ១៤១,១៧៨នាក់ កើនឡើងចំនួន៤.៤០% និងទេសចរបរទេស៤,៤៥០នាក់ កើនឡើងចំនួន ១០.៦៤% ។ ក្រៅពីនេះនៅមានទេសចរជាតិ ទេសចរបរទេស រួមជាមួយបងប្អូនប្រជាពលរដ្ឋដែល បានធ្វើដំណើរទស្សនាកម្សាន្តតាមរមណីយដ្ឋានតំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍នានា មានចំនួនសរុប៧១០,១៥៦នាក់ ជាពិសេសមានទេសចរ និងបងប្អូនប្រជាពលរដ្ឋបានមកចូលរួមលេងកម្សាន្តយ៉ាង ច្រើនកុះករនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងខេត្តកំពង់ធំ ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ដើម្បីអនុវត្តតាមច្បាប់ស្តីពីទេសចរណ៍ និងគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ មន្ទីរ ទេសចរណ៍ជារៀងរាល់ឆ្នាំបានចាត់តាំងក្រុមការងារចុះធ្វើបច្ចុប្បន្នភាពស្ថិតិអាជីវកម្មទេសចរណ៍ប្រចាំឆមាស រួមជាមួយការចុះត្រួតពិនិត្យអាជីវកម្មទេសចរណ៍រាល់ពេលការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ឬបន្តសុពលភាព អាជ្ញាបណ្ណទេសចរណ៍ ដោយត្រួតពិនិត្យលើចំណុចសំខាន់ៗដែលតម្រូវចាំបាច់ និងណែនាំឱ្យមានការចូលរួម ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស និងទប់ស្កាត់ការកេងប្រវ័ញ្ច រំលោភបំពានកម្លាំង ពលកម្មលើកុមារនៅក្នុងអាជីវកម្ម/សេវាកម្មទេសចរណ៍នីមួយៗ។ បទបង្ហាញពី “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” ដែលសមាជិក សមាជិកា ទាំងអស់នឹងទទួលបានចំណេះដឹងពីអ្វីដែលជាផលប៉ះពាល់លើការរំលោភបំពានលើកុមារទាក់ទងវិស័យ ទេសចរណ៍មានអ្វីខ្លះ? សូមលោក/លោកស្រីទាំងអស់មេត្តាចូលរួមយោបល់ឱ្យបានទូលំទូលាយដើម្បីទទួល បានចំណេះដឹងបន្ថែមលើប្រធានបទមួយនេះ ក៏ដូចជាការចូលរួមកាត់បន្ថយ ឬលប់បំបាត់ការកេងប្រវ័ញ្ច និង ការរំលោភបំពានលើកុមារ។ អត្ថបទលោក ធូ កែវមុន្នី