អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកស្រោមវិញ្ញាសាប្រឡងយកពានរង្វាន់ សម្តេច ធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ

0

កំពង់ចាម: អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមបើកស្រោមវិញ្ញាសាប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំ ស្រុកព្រៃឈរ « ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត » នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម កើត រិទ្ឋ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ឋ បានចាត់ទុកថា កម្មវិធីប្រលងយកពានរង្វាន់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរនេះ នឹងចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការពង្រឹងមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការកំណត់យកសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់ការប្រលងយកពានរង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យ សិស្សានុសិស្សយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាសិស្សពូកែ តាំងពីចូល កម្រិតមធ្យម សិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យ បានល្អតាំងពីដើម សម្រាប់ ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ ទី១០ នេះផង និងសម្រាប់ការប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផងដែរ ។

គួរបញ្ជាក់ថា វិញ្ញាសាប្រឡងយកពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្ស ឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ សម័យប្រឡង ១២ តុលា ២០២៥នេះ គឺប្រព្រឹត្តទៅរយៈពេល មួយថ្ងៃ ដោយប្រឡង លើមុខវិជ្ជាចំនួន ៤ ក្នុងនោះមាន គណិតវិទ្យា ប្រវត្តិវិទ្យា អក្សរសាស្ត្រ និង រូបវិទ្យា ដោយមានបេក្ខជន ចូលរួមប្រឡងប្រមាណ ១៨៩នាក់ មកពីវិទ្យាល័យចំនួន ៥ ក្នុងស្រុក ព្រៃឈរ ៕