រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋគម្រប់ ១៣ឆ្នាំនៃការយាងសោយទិវង្គត

0

ខេត្តព្រះវិហារ៖ ព្រះសង្ឃ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង៣ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ចំណុះរដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី១៥តុលា២០២៥នេះ បានរួមគ្នាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ ១៣ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះអង្គ «១៥តុលា២០២១២-១៥តុលា២០២៥» ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។

ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១៣ឆ្នាំ ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។

នាពិធីនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានសម្តែងនូវការគោរពដឹងគុណ និងរំលឹកនឹកដល់ព្រះរាជសកម្មភាពដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ ឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ និងការអភិវឌ្ឍប្រទេសជាតិ រហូតដល់បច្ចុប្បន្ន។

រដ្ឋបាលខេត្តព្រះវិហារ ទូលព្រះបង្គំទាំងអស់គ្នា ជាមន្ត្រីរាជការ កងកម្លាំងទាំង៣ មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជានុរាស្ត្រខេត្តព្រះវិហារ ក៏ដូចប្រជានុរាស្ត្រកម្ពុជា ទូទាំងប្រទេស សូមលំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” សូមព្រះអង្គយាងសណ្ឋិតក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ឡុង សំបូរ