ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍មូលដ្ឋាន និងសាធារណជនទាំងអស់ ឲ្យបន្តចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សប្រភេទសត្វកម្រ និងជិតផុតពូជទាំង ៣ប្រភេទនេះ រួមមាន៖ សត្វត្មាតភ្លើង សត្វត្មាតត្នោត និងសត្វត្មាតផេះ ដើម្បីធានាបាននូវនិរន្តរភាពនៃជីវៈចម្រុះ និងបរិស្ថានស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។
ការអំពាវនាវរបស់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានធ្វើឡើងក្នុងវិធី អបអរសាទរ ទិវាយល់ដឹង អំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៥ ក្រោមពាក្យស្លោក “ត្មាតនាំសំណាង” ក្រោមការរៀបចំរបស់ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា និងមន្ទីរបរិស្ថានខេត្តព្រះវិហារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅស្នាក់ការសហគមន៍ព្រៃអណ្តូងដងផ្លិត ស្ថិតនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
លោក គីម រិទ្ធី មានប្រសាសន៍ថា ការប្រារព្ធទិវានេះឡើង មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីតួនាទីដ៏សំខាន់របស់សត្វត្មាតក្នុ ងនាមជា “ភ្នាក់ងារសម្អាតធម្មជាតិ” ដែលជួយកាត់បន្ថយការរីករាលដាល នៃជំងឺឆ្លងពីសាកសពសត្វ។
លោកអភិបាលខេត្ត បានបន្តថា លោកនឹងរៀបចំ ឱ្យគេឆ្លាក់រូបសំណាកសត្វត្មាតចំនួន៣ប្រភេទ គឺប្រភេទសត្វត្មាតភ្លើង សត្វត្មានត្នោត និងសត្វត្មាតប្រផេះ ដើម្បីទុកជូនប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជនឱ្យបានស្គាល់ បានមើលពីរូបរាងពិតរបស់សត្វត្មាត។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការ សមាគមន៍អភិរក្សសត្វព្រៃកម្ពុជា ប្រចាំនៅខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការរៀបចំ ទិវាយល់ដឹង អំពីសត្វត្មាតអន្តរជាតិ ដ៏មានសារៈសំខាន់នេះ ដើម្បីផ្សព្វផ្សាយអំពីសារៈប្រយោជន៍ និងមុខងារដ៏សំខាន់របស់សត្វត្មាតទាំង ៣ប្រភេទ និងពពួកព្រៃឈើ ជីវចម្រុះ ដែលកំពុងដើរតួយ៉ាងសំខាន់ ក្នុងប្រព័ន្ធអេកូឡូស៊ី នៅក្នុងវិស័យទេសចរណ៍ធម្មជាតិ វិស័យសុខភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកអភិបាលខេត្តព្រះវិហារ បានបន្តថា កន្លងមកអង្គការ សមាគមន៍អភិរក្សសត្វព្រៃកម្ពុជា ប្រចាំខេត្តព្រះវិហារ បានចូលរួមយ៉ាងសកម្ម នៅក្នុងការការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន ជាពិសេស គឺការចូលរួមសហការ និងសហប្រតិបត្តិការ ជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានល្អប្រសើរ រហូតសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ចាត់ទុកការរៀបចំវេទិការយល់ដឹង អំពីសត្វត្មាតអន្តរជាតិ មិនត្រឹមតែជាការផ្សព្វផ្សាយ អំពីសារៈប្រយោជន៍ និងការអភិរក្សសត្វត្មាតដែលជាសត្វកម្រ រងនូវការគម្រាមកំហែង និងចាត់ទុកជាសត្វជិតផុតពូជនោះទេ សកម្មភាពនេះ ជាផ្នែកមួយដ៍សំខាន់ នៃការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ដែលជាចក្ខុវិស័យអាទិភាពមួយ នៃផែនការយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕ដោយ៖ឡុង សំបូរ








































