កំពង់ធំ÷ ឯកឧត្តម ជាតិ ស៉ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ព្រះរាជអាជ្ញារង ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ លោកអភិបាលស្រុកសណ្ដាន់ និងលោកអភិបាលស្រុក
ប្រាសាទសំបូរ សមាជិកក្រុមប្រឹក្សាស្រុក/ឃុំ និងបងប្អូនប្រជាពលរដ្ឋជាច្រើនអ្នកបានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ជាតិ ស៉ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងពីប្រធានបទសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ឆ្នាំ២០២៥មាន÷ ១-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្តោតលើគោលនយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព បញ្ហាលួច ឆក់ ប្លន់ បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាល្បែងស៊ីសង និងការប្រើប្រាស់អាវុធខុសច្បាប់ បញ្ហាចរាចរណ៍ និងប៉ុស្តិ៍ត្រួតពិនិត្យគ្មានច្បាប់ បញ្ហាជួញដូរស្ត្រី និងកុមារ អំពើហិង្សាក្នុងគ្រួសារ បញ្ហារៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងទីប្រជុំជន។ ២-ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិមាន បញ្ហាបរិស្ថាន ព្រៃឈើ ជលផលការគ្រប់គ្រងប្រើប្រាស់ដីធ្លី (ការចុះបញ្ជីដី….)។ ៣-ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈការធ្វើ ឬចម្លងសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ស្នាក់នៅ។ ៤-ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម ប្រសិទ្ធភាពនៃការផ្តល់បណ្ណសមធម៌ បណ្ណក្រីក្រ បណ្ណប.ស.ស.។ ៥-បញ្ហាផ្សេងៗ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម អ៊ុន បុត្ត មានប្រសាសន៍ថាការប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាឱកាសនេះគឺ ជាការអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលតម្រូវឱ្យក្រុមប្រឹក្សាខេត្តត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុងស្រុកនានាក្នុងអំឡុងត្រីមាសទី៤នៃឆ្នាំនីមួយៗ៊ វេទិកានាឱកាសនេះ គឺជាយន្តការមួយដើម្បីលើកកម្ពស់គណនេយ្យ តម្លាភាព និងការឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្ត ជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន ក្នុងដំណើរការអភិបាលកិច្ច និងកិច្ចអភិវឌ្ឍមូលដ្ឋាន ក្នុងន័យដើម្បីធានាថា៖ ១-រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ដោះស្រាយ និង ឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ២-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានបានចូលរួមក្នុងដំណើរការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ។
ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថាវេទិកាដែលរៀបចំដោយក្រុមប្រឹក្សាខេត្តផ្តល់ឱកាស ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក បញ្ហាប្រឈមនានា និងផែនការអភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខផ្តល់ប្រឹក្សាតាមរយៈការពិភាក្សា និងផ្តល់ព័ត៌មានត្រឡប់ដល់ក្រុមប្រឹក្សាអំពីការងារ នៅក្នុងឆ្នាំកន្លងមក និងលើកជាសំណើសម្រាប់ឆ្នាំបន្ទាប់។ ជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងដំណើរការធ្វើសេចក្តីសម្រេច ដែលក្នុង នោះសំណើ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋត្រូវបានលើកយកមកពិចារណា នៅក្នុងការសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សា។ លើកកម្ពស់កិច្ចសហការរវាងក្រុមប្រឹក្សា និងប្រជាពលរដ្ឋសំដៅចូលរួមចំណែកក្នុង ការបង្កើតនូវដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកសណ្ដាន់មាន២៣សំណួរ សំណួរផ្ទាល់មាត់មាន៥សំណួរ និងសំណួរសំណូមពរចំនួន១៨សំណួរ។ សម្រាប់នៅស្រុកប្រាសាទសំបូរមាន២២សំណួរ សំណួរផ្ទាល់មាត់១សំណួរ និងសំណួរសំណូមពរ២១សំណួរផងដែរ។ អត្ថបទលោក ធូ កែវមុន្នី






































