កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងគ្រោងសាងសង់សួនតេជោសន្តិភាព នៅក្បែរ សំណង់វិមានឯករាជ្យ តំបន់ទន្លេអុំ ក្រុងកំពង់ចាម ដែលនឹងចាប់ផ្តើមដំណើរការក្នុង ឆ្នាំ២០២៦ខាងមុខនេះ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សួនតេជោ សន្តិភាព គឺជាការអភិវឌ្ឍន៍ តំបន់ទន្លេអុំ ក្រុងកំពង់ចាម ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ ដោយមានការពង្រីកផ្លូវ និងការ កសាងច្រាំងទន្លេអុំជាបេតុង ធ្វើយ៉ាងណាឱ្យក្នុងទន្លេអុំនេះមានទឹកកម្ពស់យ៉ាងតិច ៣ម៉ែត្រ ដែល យើងអាចនឹងជិះទូកលេងកម្សាន្តបាន ពោលគឺសមិទ្ធផលថ្មីនេះ នឹងចាប់ផ្តើមកសាងឡើងក្នុង ឆ្នាំ២០២៦ខាងមុខនេះ ហើយគ្រោងដាក់សម្ពោធរួមជាមួយនឹង ការពង្រីកផ្លូវជាតិលេខ៧ ជាបួន គន្លង ស្គន់-កំពង់ចាម ទៀតផង ។
នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពី ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសមិទ្ធផលជាច្រើនបានរីកដុះដាលគ្រប់ទីកន្លែងក្នុងក្រុង និងខេត្ត កំពង់ចាម ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត តាម មាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគិតិបណ្ឌិត របស់សម្តេចតេជោតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕






































