ត្បូងឃ្មុំ: រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញសារធាតុញៀនជាង១០០០ក្រាម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម
ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ធានាបាន នូវការចូលរួម ជាលក្ខណៈពហុវិស័យ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ពង្រឹងយន្តការ ដែលមានស្រាប់ ហើយប្រែក្លាយខ្លឹមសារ នៃការប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលនេះ ឱ្យក្លាយទៅជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប រួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន សំដៅធានាបាន ការកសាងនូវជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀនយ៉ាងពិតប្រាកដ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានប្រគល់បណ្ណសរសើរ លើកទឹកចិត្តដល់ការចូលរួមរបស់ស្ថាប័នមន្ទីរអង្គភាព ក៏ដូចជាកងកម្លាំង ដែលខិតខំបំពេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំងខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យ នឹងបានដុតបំផ្លាញសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ICE (ម៉ាទឹកកក) ទម្ងន់ ១,១៨៥.៦ក្រាម និងប្រភេទ WY ទម្ងន់ ៦០ក្រាម៕






































