ខេត្តស្ទឹងត្រែង៖យុទ្ធនាការ១៦ថ្ងៃ ធ្វើឡើងក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថល លើស្រ្តី និងក្មេងស្រី” ត្រូវបានដង្ហែក្បួនដោយមានការចូលរួមពី គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត/ក្រុង អយ្យការអមសាលាដំបូងខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាវុធហត្ថខេត្ត នគរបាលខេត្ត លោគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១ពាន់នាក់ ដើម្បីបង្ហាញពីការជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត បញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី និងក្មេងស្រី ។ ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លើទីលានតេជោនាគជ័យ នៅខាងមុខខេត្តស្ទឹងត្រែង ។
អភិបាលរងខេត្តស្ទឹងត្រែង លោកស្រី វិន ស៊ីធួន បានថ្លែងថា នេះជាយុទ្ធនាការ ដើម្បីទាំងអស់គ្នាបានដឹងអំពីផលប៉ះពាល់ នៃអំពើហិង្សាលើស្ត្រី និងកុមារី និងការប្រយុទ្ធប្រឆាំងលើអំពើហិង្សា ហើយងាកមករួមគ្នា អនុវត្តច្បាប់គតិយុត្ត និងលុបបំបាត់ការរើសអើងគ្រប់ទម្រង់ ។ លោកស្រីបន្តថា ក្នុងបរិបថនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ណែនាំ ដើម្បីធានានូវសុវត្ថិភាព និងស្ថេរភាពនៅតាមមូលដ្ឋានរស់នៅ ដោយលុបបំបាត់ចោលឱ្យអស់នូវអំពើហិង្សា ហើយរួមគ្នាលើកកម្ពស់សមភាព និងសមធម៌យេនឌ័រ រវាងបុរស និងស្ត្រីឱ្យមានប្រសិទ្ធភាព។
ប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង លោកស្រី សន សុខា បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមចូលរួមបន្តជំរុញអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សា សំដៅលុបបំបាត់សកម្មភាពប្រើអំពើហិង្សាលើស្ត្រី ហើយងាកមកពង្រឹងវប្បធម៌អហិង្សា ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម ឱ្យតម្លៃដល់ស្ត្រី និងគ្រួសារខ្មែរ សហគមន៍ សង្គមជាតិ ឱ្យមានសុភមង្គលកាន់តែប្រសើរឡើង៕ដោយ៖ឡុង សំបូរ






































