រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ រាជរដ្ឋាភិបាល លើកកម្ពស់គុណភាពអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្ស សំដៅឱ្យយុវជនកម្ពុជា ក្លាយជាទំពាំងស្នងឬស្សីសម្រាប់ចូលរួមអភិវឌ្ឍប្រទេសនាពេលអនាគត

0

សៀមរាបះ  លោកបណ្ឌិត សៀន សុវណ្ណា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ បានលើកឡើងថា រាជរដ្ឋាភិបាល លើកកម្ពស់គុណភាពអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្ស សំដៅឱ្យយុវជនកម្ពុជា ក្លាយជាទំពាំងស្នងឬស្សីសម្រាប់ចូលរួមអភិវឌ្ឍប្រទេសនាពេលអនាគត។

លោកបណ្ឌិត បន្តថា ដូច្នេះដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សូមមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ ត្រូវអប់រំកូនៗនៅផ្ទះរៀងៗខ្លួន ដើម្បីឱ្យពួកគាត់ស្រលាញ់ការសិក្សា និងយកចិត្តទុកដាក់ខ្ពស់លើការសិក្សា។

ការលើកលើងយ៉ាងដូច្នេះរបស់លោកបណ្ឌិត សៀន សុវណ្ណា នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងផ្ដល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សជ័យលាភី នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ឆ្នាំសិក្សា២០២៤-២០២៥ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីអាជ្ញាធរក្រុង ស្រុក និងគណៈគ្រប់គ្រងសាលា បុគ្គលិក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ព្រមទាំងសិស្សានុសិស្សជាច្រើនផងដែរ។

លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាល បានការផ្តល់ឱកាសការងារដល់យុវជនជាច្រើនកន្លែង ដើម្បីទទួលបានឱកាសការងារទាំងនោះ ដូច្នេះសូមសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមានឱកាសទទួលបានការងារពីរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយជីវភាពនៅក្នុងគ្រួរសារ និងជួយលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ព្រមទាំងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដូចជា ផ្លូវលំ ផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង ស្ពាន និងស្ពានអាកាស ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ច នៃព្រះរាជាណាចកម្ពុជា។

លោកបណ្ឌិត បន្ថែមថា ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សាលាអន្តរជាតិភ្យូឆឺរប្រាយ បានកំណត់ចក្ខុវិស័យ និងបេសកកម្មយ៉ាងច្បាស់លាស់។

ក្នុងនោះដែរ បានបង្កើតផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្ដាល និងផែនការសកម្មភាព ដើម្បីដឹកនាំគ្រប់គ្រងការបណ្តុះបណ្តាលកម្មវិធីសិក្សាកម្រិតមត្តេយ្យសិក្សា កម្មវិធីសិក្សាចំណេះទូទៅពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងកម្មវិធីសិក្សាភាសាអង់គ្លេសគ្រប់កម្រិតសិក្សាផងដែរ។

លោកបណ្ឌិត បន្តទៀតថា គណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ ប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការបណ្ដុះបណ្ដាល និងផែនការសកម្មភាពរបស់សាលា អន្តរជាតិភ្យូឆឺរប្រាយ យ៉ាងត្រឹមត្រូវ នាំឱ្យសាលា អន្តរជាតិភូឆឺរប្រាយ ប្រែក្លាយជាគ្រឹះស្ថានសិក្សាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ដែលមានការទទួលស្គាល់ថា្នក់ជាតិ និងអន្តរជាតិ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា អាណាព្យាបាលសិស្សទាំងអស់ ត្រូវជឿជាក់ និងគាំទ្រលើ សាលាអន្តរជាតិភ្យូឆឺរប្រាយ ក្នុងការបណ្តុះបណ្តាលកម្មវិធីសិក្សាចំណេះទូទៅ និងកម្មវិធីសិក្សាផ្សេងៗទៀត ពិតជាមានគុណភាពអប់រំពិតប្រាកដ ដែលនាំឱ្យសិស្សានុសិស្សមានឥរិយាបថល្អ ស្រលាញ់ការសិក្សា និងក្លាយជាសិស្សល្អ សិស្សរៀនពូកែ ពលរដ្ឋល្អ មន្ត្រី ឬថ្នាក់ដឹកនាំឆ្នើម ដើម្បីអភិវឌ្ឍជីវិតខ្លួនឯង និងគ្រួសារ ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះដែរ អាណាព្យាលសិស្ស ត្រូវជួយតាមដានការសិក្សារបស់កូនៗជាប្រចាំ ព្រមទាំងវត្តមាន និងអវត្តមាននៃការសិក្សារបស់កូនៗផងដែរ។

ជាមួយនេះដែរ លោកបណ្ឌិត ក៏សូមអបអរសាទរ ចំពោះសិស្សានុសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំរៀនសូត្ររហូតទទួលបានជោគជ័យ ដែលទទួលសញ្ញាបត្របណ្តោះអាសន្ននាពេលនេះ និងសូមកោតសរសើរចំពោះគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ នៃសាលា អន្តរជាតិភ្យូឆឺរប្រាយទាំងអស់ ដែលបានបណ្តុះបណ្តាលសិស្សានុសិស្ស ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ប្រកបដោយគុណភាពអប់រំខ្ពស់៕

ដោយ គឿនវេត