(កំពង់ធំ)៖ ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដល់ឃុំសង្កាត់ទាំង៨១ ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នៃសាលាខេតតកំពង់ធំ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថាប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រប់ទិន្នន័យគាំពារសង្គម នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ក្នុងការអនុវត្តគោលនយោបាយជាតិ គាំពារសង្គម ប្រកបដោយគណនេយ្យភាព តម្លាភាព អភិបាលកិច្ចល្អ បរិយាបន្ន និង ភាពប្រទាក់ក្រឡាគ្នា ដោយកាត់បន្ថយស្ទើរទាំងស្រុងនូវរាល់ទិន្នន័យចុះបញ្ជី និងការបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ស្ងួន ការវិនិយោគ និងការអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារដូចគ្នា និងការកាត់បន្ថយជាអតិបរមានូវការបែកខ្ញែកនៃការគ្រប់គ្រង ទិន្នន័យគាំពារសង្គមបែបវិមជ្ឈការនេះ តាមរយៈថ្នាលគាំពារសង្គមឌីជីថលកម្ពុជា និង មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម។ ព្រមទាំងស្នើដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ នឹងប្រើប្រាស់ឧបករណ៍នេះ ឱ្យត្រូវគោលដៅ និងត្រូវចេះថែទាំ ដើម្បីប្រសិទ្ធភាព និងភាពយូរអង្វែង។
ជាមួយគ្នានោះដែរ ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់យកទៅអនុវត្តដូចខាងក្រោម៖
១. បន្តចលនាការនៃកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ដើម្បីធានាបាននូវភាពជោគជ័យ ក្នុងដំណើរការនៃការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាមួយនឹងឌីជីថលលូបន័យកម្មពេញលេញ ដើម្បីបង្កើនប្រសិទ្ធិភាព និងពង្រីកវិសាលភាពបន្ថែមទៀត ជាជំហានៗទៅទូទាំងប្រទេស
២. ប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដើម្បីបម្រើដល់ការចុះបញ្ជី និងកាត់បន្ថយបន្ទុក និងសម្ពាធរបស់មន្ត្រីមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលជាអ្នកអនុវត្ត ដោយបន្តតាមដាន និងវាយតម្លៃការអនុវត្ត ដោយយកចិត្តទុកដាក់ និងសហការឱ្យបានជិតស្និតជាមួយប្រតិបត្តិការគាំពារសង្គម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងជាពិសេសមន្ត្រីដែលជាអ្នកអនុវត្តផ្ទាល់ នៅឃុំ/សង្កាត់
៣. លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ត្រូវបន្តពង្រឹងសមត្ថភាពផ្ទាលគាំពារសង្គមឌីជីថលកម្ពុជា ដោយបន្តសហការស្អិតល្មួតជាមួយប្រតិបត្តិករពាក់ព័ន្ធ ក្នុងការតភ្ជាប់ និងការធ្វើសុខដុមនីយកម្មមុខងារចុះបញ្ជីទាំងអស់ ពោលគឺ ទាំងក្នុងកម្មវិធីជាតិជំនួយសង្គម និងក្នុងរបបសន្តិសុខសង្គម ព្រមទាំងបន្តសម្របសម្រួលផ្តល់ការគាំទ្រ និង ដោះស្រាយបញ្ហាប្រឈមនានា ជូនមន្ត្រីអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
៤. សូមលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស មន្ត្រីឃុំ/សង្កាត់ ត្រូវបន្តពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាគាំពារសង្គមដល់ពលរដ្ឋគោលដៅ និងអ្នកទទួលផល ដោយប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា និងឧបករណ៍ចុះបញ្ជីឱ្យបានពេញលេញ ក៏ដូចជាផ្តល់មតិត្រឡប់ជាប្រចាំ ដើម្បីធានាថាសេវា គាំពារសង្គមដល់ពលរដ្ឋ កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។
សូមជម្រាបជូនផងដែរថា៖ ការផ្តល់ជូនឧបករណ៍សម្ភារៈឌីជីថលជូនដល់ ឃុំ/សង្កាត់ ចំនួន ៨១ នៃខេត្តកំពង់ធំនៅពេលនេះ រួមមាន កុំព្យូទ័រយួរដៃ ចំនួន ១ កាមេរ៉ាថតផ្ទៃមុខ ចំនួន ១ ម៉ាស៊ីនស្កែនខ្មៅដៃ ចំនួន ១ និងម៉ាស៊ីន Printer ចំនួន ១។






































