ប្រជាពលរដ្ឋជិត ២ម៉ឺននាក់ ត្រូវបានភៀសខ្លួនចេញពីតំបន់សង្គ្រាម ឈ្លានពានដោយទាហានសៀម មកកាន់មណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ (ជនភៀសសឹក) ១ម៉ឺន ៧ពាន់ ៥៨២នាក់ ត្រូវបានភៀសខ្លួនគេចចេញពីតំបន់សង្គ្រាម នៃការបាញ់ប្រហារដ៏អាក្រក់ពីសំណាក់ទាហានសៀម បានបើកការឈ្លាបពានដែនអធិបតេយ្យភាពកម្ពុជាជាថ្មី ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា បានចាកចេញពីទីជម្រក លំនៅដ្ឋានគួរឲ្យសង្វេគ។

យោងតាមរដ្ឋបាលខេត្តព្រះវិហារ បានបង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង ៦:០០ល្ងាច ថ្ងៃទី០៩ធ្នូ២០២៥នេះ ស្ថិតិប្រជាពលរដ្ឋភៀសសឹក ដែលបង្ខំចិត្តជម្លៀសខ្លួន បានកើនឡើងដល់ ៥,០៦៩គ្រួសារ ស្មើនឹង ១៧,៥៨២នាក់ ស្រី ១០,២១៣ នាក់ ពួកគាត់ទាំងអស់កំពុងស្នាក់នៅបណ្ដោះអាសន្ន នៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងភូមិសាស្ដ្រខេត្ត ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្តព្រះវិហារ។

ក្រោមការគិតគូ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋភៀសសឹក ក្នុងគ្រាដែលជួបគ្រោះអាសន្ន រងការវាយប្រហារដោយទាហានសៀម លោក គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ភៀសសឹក និង​សួរសុខទុក្ខ​​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ​នៅ​មណ្ឌល​សុវត្ថិភាពនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ខេត្តព្រះវិហារ មានមណ្ឌលសុវត្ថិភាពចំនួន ៧ គឺ មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥ ០០០ ,មណ្ឌលសុវត្ថិភាពវត្តឧត្តមគិរីទួលអណ្ដែត ,មណ្ឌលសុវត្ថិភាពវត្តត្រាវកៀត ,មណ្ឌលសុវត្ថិភាពវត្តពើងអង្គកាម ,មណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ ,មណ្ឌលសុវត្ថិភាពវត្តគីឡូលេខ៨ និងមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ។

ទាហានសៀមបានបើកការបាញ់ប្រហារជាថ្មី មកលើកងកម្លាំងកម្ពុជា ដោយបានចាប់ផ្តើមពីម៉ោងប្រមាណ ០៥:០៤នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ការបើកការវាយប្រហារនេះ បានធ្វើឡើងនៅក្នុងតំបន់អានសេះ ,តំបន់ប្រាសាទព្រះវិហារ ,៥មករា ,ចំការចេក ,មុំបី ,ភ្នំខ្មោច និងនៅគោល៨ ។

ស្របពេលជាមួយគ្នានោះ ទាហានសៀមបានពង្រីកការឈ្លានពានទឹកដីកម្ពុជា នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។ សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ភាគីថៃ មកលើកម្ពុជាជាលើកទី២នេះ គឺបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវចេតនារបស់ភាគីថៃ ក្នុងការឈ្លានពានវាតយកទឹកដីប្រទេសជិតខាង៕ដោយ៖ឡុង សំបូរ