ខេត្តក្រចេះ៖ ទីតាំងសិប្បកម្មកែច្នៃឈើដុះស្លែងមួយកន្លែង ក្នុងចំណោមច្រើនកន្លែងទៀត ដែលគ្មានច្បាប់អនុញ្ញាត បានរងការបង្ក្រាប និងរឹបអូសវត្ថុតាងប្រព្រឹត្តបទល្មើស ពីកម្លាំងសមត្ថកិច្ចចម្រុះ នាវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី៣ធ្នូ២០២៥ ស្ថិតក្នុងឃុំស្រែជិៈ ស្រុកអូរក្រៀងសែនជ័យ ខេត្តក្រចេះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា សមត្ថកិច្ចចម្រុះដែលមាន មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ កម្លាំងកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ មន្ត្រីបរិស្ថានខេត្តក្រចេះ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែជិៈ បានសហការគ្នាចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើ និងធ្វើសន្និធិផល-អនុផលព្រៃឈើ ០១កន្លែង ដែលគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅចំណុចនិយាមកា៦៦០៣៤៤-១៤៣១៣២៧ ស្ថិតក្នុងភូមិសាស្រ្តភូមិស្រែរុង ឃុំស្រែជិៈ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចចម្រុះបានចាប់ឃាត់វត្ថុតាងល្មើសជាច្រើនប្រភេទ រួមមាន៖ តួម៉ាស៊ីនបញ្ឈរ ០១គ្រឿង ,តុឈូស ០១ ,ម៉ាស៊ីនគោយន្ត២២សេស ០១គ្រឿង ,ធុងខ្យល់ ០១គ្រឿង ,រណារថាស ០១ ,ម៉ូទូរឈូស ០១គ្រឿង ,ម៉ូទ័រលក ០២គ្រឿង ,ម៉ូទ័រកាត់ ០២គ្រឿង ,ម៉ូទ័រខាត់ ០២គ្រឿង និងឈើអារលេខ១ (សុក្រម) ចំនួន ៥១ដុំ ស្មើនឹង១.២៤៤ (មួយម៉ែត្រគូបត្រីគុណ ពីររយសែសិបបួន) និងដោយគ្មានម្ចាស់ទទួលខុសត្រូវ (អញ្ញាតជន)។
ក្រោយការបង្ក្រាប និងរឹបអូស វត្ថុតាងបទល្មើសទាំងអស់ ត្រូវបានប្រគល់ជូន លោក រុន តូនី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ ដើម្បីយកមករក្សាទុកជាបណ្តោះអាសន្ន ស្ថិតនៅភូមិប៉ាក្លែ ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។
ពាក់ព័ន្ធជុំវិញករណី សមត្ថកិច្ចខេត្តក្រចេះ ចុះបង្ក្រាបទីតាំងសិប្បកម្មគ្រឿងសិង្ហារឹមធ្វើពីឈើធម្មជាតិដុះស្លែមួយកន្លែងខាងលើនោះ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សិប្បកម្មដែលមានលក្ខណៈទ្រង់ទ្រាយធំ និងគ្មានច្បាប់អនុញ្ញាតបែបនេះ នៅមានជាច្រើនកន្លែងទៀត នៅក្នុងមូលដ្ឋាននោះ។
មហាជនមានចម្ងល់ថា តើសិប្បកម្មកែច្នៃឈើបែបណាខ្លះ ដែលអនុញ្ញាតឱ្យធ្វើសកម្មភាព ហើយបែបណាមិនអាចធ្វើសកម្មភាព? ពួកគាត់សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច នឹងបន្តចុះពិនិត្យ និងបង្ក្រាបអំពើល្មើសច្បាប់ទាំងនោះ ដើម្បីរក្សាធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយនេះឲ្យបានគង់វង្ស៕ដោយ៖ឡុង សំបូរ





































