ឯកឧត្តម នេត្រ ភក្រ្តា ស្នើឱ្យសាធារណជនឱ្យតាមដាននិងទទួលយកព័ត៌មានតែពីប្រភពផ្លូវការទាក់ទិននឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ

0

យោងតាមផេកផ្លូវការរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើដល់សាធារណជនតាមដាន និងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ ដើម្បីទទួលបានព័ត៌មានពិតត្រឹមត្រូវ។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន នឹងសហការជាមួយក្រសួង ការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបជាបន្តបន្ទាប់។

ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា ភាគីថៃបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃច្រើនជុំវិញស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ហើយជាមួយគ្នានេះ មានគណនីហ្វេសប៊ុកជាច្រើនដែលថៃបន្លំបង្កើតឡើងដោយដាក់ឈ្មោះខ្មែរ និងសរសេរជាអក្សរខ្មែរ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ បំផ្លើស ដើម្បីញុះញង់ឱ្យយើងតបត។

ការខាងលើ ក្រសួងណែនាំដល់សាធារណជនប្រុងប្រយ័ត្នខ្ពស់ កុំចែករំលែកបន្ត និងកុំជឿករណីមានការសង្ស័យ អាច Report គណនីទៅក្រុមហ៊ុនហ្វេសប៊ុក ឬប្លុកគណនីនោះតែម្តង៕