(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ការពារសន្តិសុខ សុវត្ថិភាព តម្រាយផ្លូវ និងសង្គ្រោះបន្ទាន់ ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃរាជាណាចក្រកម្ពុជា យាង
ឆ្លងកាត់ភូមិសាស្រ្តខេត្តកំពង់ធំ និងប្រជុំត្រួតពិនិត្យរបាយការណ៍ ការអនុវត្តតួនាទី/ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត ប្រធាន-អនុប្រធានមន្ទីរទាំង៧ លោក លោកស្រី នាយការិយាល័យ ប្រធានអង្គភាពទាំង២ លោកមេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុកទាំង៩ មេបញ្ជាការកងអនុសេនាធំចល័ត។
ថ្លែងនៅក្នុងកម្មវិធីនេះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានណែនាំ ដល់កម្លាំងកងរាជអាវុធហត្ថនៅតាមគោលដៅ ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការងារដែលថ្នាក់លើប្រគល់ជូន។ លោកបានសង្កត់ធ្ងន់ នៅតាមគោលដៅរបស់ខ្លួន ត្រូវត្រួតពិនិត្យវត្ថុដែលសង្ស័យក្រែងមានជនខិលខូចបង្កប់គ្រឿងផ្ទុះផ្សេងៗបង្កឱ្យផ្ទុះ នៅតាមចំណុចមួយចំនួនក្នុងទីសាធារណៈ ទីប្រជុំជនផ្សារ តាមស្ថានីយ៍ប្រេងឥន្ទនៈ ស្ពាន លូឆ្លងកាត់ផ្លូវ ពិសេសតំបន់នៅតាមសងខាងផ្លូវព្រះរាជដំណើរ ត្រូវរាយការណ៍មកថ្នាក់លើឱ្យបានទាន់ពេលវេលា និងរហ័ស ដើម្បីកងកម្លាំងការពារសន្តិសុខចុះទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ លោកមេបញ្ជាការ បានមានប្រសាសន៍បន្តថារាល់អ្នកធ្វើដំណើរឆ្លងកាត់ ត្រូវតែបញ្ជៀសឬបញ្ឈប់អ្នកដំណើរ ដើម្បីឱ្យក្បួនព្រះទីនាំង និងក្បួនរថយន្តគណប្រតិភូយាងអញ្ជើញធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។
ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានថ្លែងអំណរអរគុណដល់នាយទាហាន នាយទាហានរង ដែលខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លូនជោគជ័យនាពេលកន្លង និងខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អបន្តទៀត ដើម្បីបម្រើប្រជាជន និងសង្គមជាតិរីកចម្រើនទៅមុខ៕






































