ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តក្រចេះ បានរកឃើញឈើអារ ១៥៨សន្លឹក/ដើម និងផ្ទៃដីឈូសឆាយខុសច្បាប់ ៥ទីតាំង នៅក្នុងតំបន់ការពារធម្មជាតិ

0

ខេត្តក្រចេះ៖ ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន ក្រោមកិច្ចសហការពី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ និងមានការគាំទ្រផ្នែកច្បាប់ពី ស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចុះពិនិត្យ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង និងព្រៃឡង់ ដោយបានរកឃើញឈើអារ ១៥៨សន្លឹក និងដើម និងផ្ទៃដីឈូសឆាយទន្ទ្រានយកខុសច្បាប់ ៥ទីតាំង ជាច្រើនហិកតាបន្ថែមទៀត នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខត្តក្រចេះ ។

ក្រសួងបរិស្ថានបានបង្ហាញឱ្យដឹងនៅថ្ងៃ៥ធ្នូ២០២៥នេះថា ក្រុមការងារបានចុះពិនិត្យនិងផ្ទៀងផ្ទាត់ការកាប់អារឈើមួយកន្លែង នៅតំបន់ប្រើប្រាស់ច្រើនយ៉ាង«សសរស្តមសត្វតោ» ស្ថិតនៅឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ វត្ថុតាងដែលត្រូវបានរកឃើញ រួមមាន៖ សសរ ២០ដើម និងក្តារ ១៣៨សន្លឹក។ ហើយក្រុម​ការងារបាន និងកំពុងពិនិត្យ និងរៀបចំឯកសារ ដើម្បីអនុវត្តវិធានការជាបន្តតាមច្បាប់។

បន្ថែមពីនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន នាពេលកន្លងមក ក្រុមការងារក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តក្រចេះ ក៏បានចុះ​ពិនិត្យជាក់ស្តែង លើទីតាំងដីកាប់ រុករានទន្រ្ទានដីយកធ្វើជាកម្មសិទិ្ធ នៅលើទីតាំង ៥កន្លែង នៅក្នុង​អំឡុង​​ពេលប្រតិបត្តិការនោះ ក្នុងនោះរួមមាន៖ នៅចំណុចពន្លឺពេជ្រ, ចំណុចអូរទឹកក្រហម, ចំណុចសសរប្រាំបីជ្រុង, ចំណុចទួលតាសេក និងទីតាំងចំណុចវាលយន្តហោះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ នៃភូមិសស្រ្តខេត្តក្រចេះ។

ជាមួយគ្នានេះ ក្រុមការងារបានប្រើប្រាស់ដ្រូន និងដំឡើងផែនទី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ កន្លែងដែលមានការកាប់រានដីព្រៃ ក្នុងពេលចុះបំពេញការងារនេះ ផងដែរ។

ក្រសួងបានបញ្ជាក់ថា៖«ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា ទីតាំងទាំង៥ខាងលើ មានការកាប់រុករានដីព្រៃ និងដាំកូនកៅស៊ូ ដោយកន្លែងខ្លះមានអាយុ៣ឆ្នាំ កន្លែងខ្លះមានអាយុ១ឆ្នាំ ឬតិចជាង១ឆ្នាំ និងកន្លែងខ្លះទើបកាប់រានថ្មី ក្នុងរយៈពេលប្រមាណ ២សប្តាហ៍មុន»នេះប៉ុណ្ណោះ។

នៅក្នុងអំឡុងពេលប្រតិបត្តិការរយៈពេល ៥ថ្ងៃកន្លងមកនេះ ក្រុមការងារបានដកហូតនូវវត្ថុចាប់យកមួយចំនួន ដូចជា ម៉ូតូ Honda Dream ២គ្រឿង កៅឡាក់១ បន្ទះសូឡាតូច និងអំពូលភ្លើងហ្វា ១ឈុត និងថ្នាំកម្ចាត់ស្មៅ ១ធុង ចំណុះ២០លីត្រ យកមករក្សាទុក។ ខណៈនេះមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តក្រចេះ បាននិងកំពុងកសាងសំណុំរឿងករណីនេះ ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា តំបន់ប្រើប្រាស់ច្រើនយ៉ាង «សសរស្តមសត្វតោ» ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ លើផ្ទៃដីទំហំ ៨៣៩ហិកតា ហើយនៅ​ឆ្នាំ​២០២៣ រាជរដ្ឋាភិបាលបានសម្រេចកែប្រែពង្រីកទំហំផ្ទៃដីតំបន់នេះ រហូតដល់ទៅ ៥ពាន់ ៣២៧ហិកតា ស្ថិ​តនៅក្នុងភូមិសា​ស្រ្តខេត្ត​ក្រចេះ​៕ដោយ៖ឡុង សំបូរ