អភិបាលខេត្តកំពង់ចាម ប្រគល់អំណោយជូនដល់វីរកងទ័ពជួរមុខ នៃយោធភូមិភាគ២ ដែលកំពុង ការពារទឹកដី នៅតាមបន្ទាត់ព្រំដែន ទិសខេត្តឧត្តរមានជ័យ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញប្រគល់ អំណោយជំហានដំបូងជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់វីរកងទ័ព នៃយោធភូមិភាគ២ ដែលកំពុងការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី ពីចោរឈ្លានពានសៀម នៅតាមខ្សែបន្ទាត់ព្រំដែន ទិសខេត្តឧត្តរមានជ័យ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅ សាលាខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមចែករំលែកធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាន និងកំពុងជម្លៀសមកទីកន្លែងមានសុវត្ថិភាព តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ទាំងនេះគឺជាការបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូន ប្រជាពលរដ្ឋ ដែលបានចូលរួម ជាមួយរដ្ឋបាលខេត្តកំពង់ចាម ដេីម្បីប្រគល់ជូនដល់វីរកងទ័ពនៅតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តឧត្តរមានជ័យ ដែលបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជា ពោរពេញដោយស្មារតីជាតិនិយម បន្ទាប់ពីទាហានសៀមបានបង្កសង្គ្រាមឈ្លានពាន យ៉ាងគឃ្លីនមកលើអធិបតេយ្យភាពកម្ពុជា ។

គួរបញ្ជាក់ថា អំណោយជំហានទីមួយដែលរដ្ឋបាលខេត្តកំពង់ចាម ប្រគល់ជូនដល់កងយោធ ភូមិភាគ២ នាពេលនេះ មានប្រមាណជា ១៦មុខ ដូចជាអំបុកខ្មែរ ចំនួន ១.៥០០គីឡូក្រាម អង្ករចំនួន ១០តោន មីជាតិ ៣០០កេះ ត្រីខកំប៉ុង ខ្ទឹមសរ ឆៃពៅ ត្រសក់ចាវ ត្រីប្រឡាក់ ប្រេងឆារ ស្ករសរ អំបិល ប៊ីចេង បន្លែ ផ្លែឈើ សាច់ស្រស់ អំពូលសូឡាចំនួន ៥០ឈុត និងថវិកាសរុបចំនួន ៤០លាន រៀលផងដែរ ៕