កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ព ចំនួន ២៤៣គ្រួសារ វត្តកោះតាង៉ោ ស្ថិតក្នុងឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់បងប្អូនជនភៀសសឹក និងគ្រួសាររីរកងទ័ពទាំងអស់ ដោយត្រូវដោះស្រាយការងារចំពោះមុខ៤យ៉ាងគឺ ទី១ ត្រូវការការពារសន្តិសុខ និងសុវត្ថិភាពក្នុងអំឡុងពេលស្នាក់នៅ។ ទី២. ការពិនិត្យ និងថែទាំសុខភាព ជូនបងប្អូន។ ទី៣. ការដោះស្រាយជីវភាពប្រចាំថ្ងៃ។ និងទី៤. គឺត្រូវរៀបចំឱ្យកូនសិស្ស បានបន្ត រៀនសូត្រ ផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ប្រការដែល នាំឱ្យបងប្អូនភៀសខ្លួនរត់ចោលផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ នេះ គឺបង្កឡើងដោយកងទ័ពឈ្លានពានសៀម ដែលតែងតែបង្កហេតុ និងបង្កើតជម្លោះនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីផ្ទុះសង្គ្រាម បាញ់ប្រហារ បំផ្លិចបំផ្លាញដោយមិនញញើតដៃ ខណៈកម្ពុជាត្រូវការសន្តិភាព និងការគោរពច្បាប់អន្តរជាតិ ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនជំនឿជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារដែនអធិបតេយ្យភាព និងការដោះស្រាយបញ្ហាជម្លោះ ព្រំដែនដោយសន្តិវិធី ដើម្បីបញ្ចៀសសង្គ្រាមបង្ហូរឈាម និងដើម្បីនាំយកសន្តិភាព និងភាពប្រក្រតីត្រឡប់មកវិញ ហើយបងប្អូនជនភៀសសឹកនឹងបានវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ដោយសុវត្ថិភាព។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលត្រូវចែកជូនប្រជាពលរដ្ឋ ភៀសសឹក និងគ្រួសារវីរកងទ័ព នៅក្នុងស្រុកកងមាស ចំនួន ២៤៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបានរួមមាន៖-អង្ករ ២៥គីឡូក្រាម-អំបុក ១ថង់-មី ១កេស-ទឹកសុទ្ធ ៤យូរ -ទឹកត្រី ១យួរ-ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួនផងដែរ ៕





































