ខេត្តស្ទឹងត្រែង៖ អស់រយៈពេល ៤៦ឆ្នាំមកហើយ ដែលប្រជាជន និងប្រទេសកម្ពុជា ត្រូវបានរំដោះ ចាកចេញពីរបបកម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពត ដែលគ្រប់គ្រងអំណាចបានត្រឹមតែ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ប៉ុណ្ណោះ ហើយរបបដ៏យង់ឃ្នងនោះ ក៏ត្រូវបានដួលរលំ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ៧មករា១៩៧៩។
ដើម្បីឆ្លើយតប និងសងគុណ ចំពោះគុណបំណាច់ដ៏ថ្លៃថ្លា និងមិនអាចកាត់ថ្លៃបាននោះ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា រួមទាំងប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ បានអញ្ជើញដឹកនាំរៀបចំព្រឹត្តិការណ៍ រាត្រីវប្បធម៌ ជាលើកដំបូង ក្រោមមូលបទ “ស្ទឹងត្រែង បេះដូងនៃវប្បធម៌” ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៦) និងថ្ងៃរំដោះបានទាំងស្រុងខេត្តស្ទឹងត្រែង (៤ មករា ១៩៧៩) ព្រមជាមួយនូវការគោរពដឹងគុណ ជូនចំពោះរាជរដ្ឋាភិបាល និងវីរយុទ្ធជនសមរភូមិមុខ ក្នុងការប្រយុទ្ធ ដើម្បីការពារប្រជាជន និងការពារដែនអធិបតេយ្យជាតិ។
ពិធីបានប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ នៅវេទិកានាគជ័យ តេជោ-ធិបតីសន្តិភាព ខាងមុខសាលាខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣ វីរយុទ្ធជន ៤រូប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងយុវជនជិត ២ម៉ឺននាក់។
ព្រឹត្តិការណ៍រាត្រីវប្បធម៌ ក្រោមមូលបទ ”ស្ទឹងត្រែង បេះដូងនៃវប្បធម៌” មានបញ្ចូលកម្មវិធីសិល្បះ ចម្រៀង របាំ រួមមាន៖ ការប្រគុំវង់ភ្លេងអារក្ស ទស្សនីយភាពរបាំទេពមនោរម្យ ការសម្តែងឧបករណ៍គ្រឿងស្នែង និងប៉ីពក ទស្សនីយភាពរបាំមុនីមេខឡា ទស្សនីយភាពរបាំព្លយសួយ ទស្សនីយភាពល្ខោនខោល រឿងរាមកេរ្តិ៍ និងចម្រៀងរួមគ្នាបទ «គន់មើលទៅមេឃ» ដើម្បីញ៉ាំងកម្មវិធីកាន់តែមានភាពអធិកអធម ថែមទៀត។
នាឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ថា ស្ថិតក្នុងរាត្រីប្រកបដោយសេចក្តីសោមនស្សរីករាយនេះ ក្នុងនាមថ្នាក់ដឹនាំខេត្តស្ទឹងត្រែង សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ពីកម្លាំងសាមគ្គីដ៏រឹងមាំរបស់ប្រជាជនគ្រប់ជនជាតិ ក្នុងខេត្តស្ទឹងត្រែង ក្នុងស្មារតីជាតិ មាតុភូមិ ប្រជាជន និងលើកស្ទួយវប្បធម៌ជាតិដ៏ផូរផង់ ពិសេសស្ទឹងត្រែងជាខេត្តដែលមានវ័យចំណាស់ នៅភាគឦសានប្រទេស ក៏ជាបេះដូងនៃវប្បធម៌ ដែលផ្សារភ្ជាប់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់បំព្រង អត្តសញ្ញាណវប្បធម៌ ជាមរតកជាតិដ៏វិសេសវិសាល និងជាប៉ូលទេសចរដ៏មានសារសំខាន់។
លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា លើសពីនេះទៀត គឺជាការលើកកម្ពស់ក្នុងការចូលរួមរបស់មហាជន ប្រជាជន និងយុវជន ដើម្បីអបអរសាទរខួបលើកទី៤៧ ទិវាជ័យជំនះ ៧មករា (៧មករា១៩៧៩-៧មករា២០២៦) និងថ្ងៃរំដោះបានបរិបូណ៍ និងទាំងស្រុងនៅខេត្តស្ទឹងត្រែង នាថ្ងៃទី៤មករា១៩៧៩ ព្រមទាំងបង្ហាញនូវស្មារតីការគោរពដឹងគុណ ជូនចំពោះរាជរដ្ឋាភិបាល និងវីរយុទ្ធជនសមរភូមិមុខ ក្នុងការប្រយុទ្ធ ដើម្បីការពារប្រជាជន និងការពារដែនអធិបតេយ្យជាតិ ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនក្នុងខេត្តស្ទឹងត្រែង ក្រោមកិច្ចខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាជន ពិសេសគឺមោទនភាព ចំពោះកម្លាំងមហាសាមគ្គី នៃមហាគ្រួសារប្រជាជនខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្តស្ទឹងត្រែង ស្នើឲ្យមានការចូលរួមគាំទ្រ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភាពអង់អាចក្លាហានរបស់វីរកងទ័ពនៅសមរភូមិមុខ ក្នុងស្មារតីខ្មែរតែមួយ អនាគតតែមួយ ។ លោកថា ការរៀបចំព្រឹត្តិការណ៍នេះ ក៏បានលើកទឹកចិត្តដល់ប្រជាជន បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ខ្មែរ ឲ្យបានរឹងមាំ ខ្លាំងក្លា ជាពិសេសយុវជន ត្រូវចូលរួមឲ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប ដែលដូនតាមខ្មែរគ្រប់ជំនាន់បានបន្សល់ទុក ឲ្យបានគង់វង្សយូរអង្វែងតទៅមុខ។ ហើយក្នុងនោះខេត្តស្ទឹងត្រែង ដែលជាខេត្តមានវ័យចំណាស់ និងជាអតីតដែនដីសុវណ្ណភូមិ ដែលជាផ្នែកនៃអាណាចក្រខ្មែរបុរាណ មានប្រាង្គប្រាសាទសាងសង់ក្នុងសតវត្សទី១០ និងទី១១ វប្បធម៌ជនជាតិដើមភាគតិច មានទំនៀមទំលាប់ដែលទាក់ទងទៅនឹងធម្មជាតិ សាសនា សិល្បះ របាំ ចម្រៀងប្រពៃណី ដោយប្រើឧបករណ៍បុរាណាច្បាស់លាស់ សម្រាប់ប្រើក្នុងពិធីសាសនា និងពិធីប្រពៃណី ព្រមទាំងមានសិល្បះតម្បាញ ចម្លាក់ ការធ្វើគ្រឿងអលង្ការ និងភាពសំបូរបែប នៃភាសាជនជាតិដើមភាគតិចជាដើម។ល។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ថា កត្តាទាំងអស់នេះយើងអាចនិយាបានថា ខេត្តស្ទឹងត្រែង គឺជានិមិត្តរូបនៃវប្បធម៌ដ៏សំបូរបែប និងប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅនៃកម្ពុជា និងមិនត្រឹមមានទាំងទីតាំងភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ដែលផ្សារភ្ជាប់ពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់កម្ពុជាទៀតផង។
លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា លោកមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍន៍ និងការអភិរក្សទឹកដី ធនធានសម្បត្តិធម្មជាតិ និងវប្បធម៌ គឺជាកាតព្វកិច្ចដ៏មានសារសំខាន់ សម្រាប់បុព្វហេតុជាតិ មាតុភូមិកម្ពុជា និងមនុស្សជាតិទូទៅ តាមរយៈសកម្មភាពជាច្រើន រួមទាំងការរៀបចំព្រឹត្តិការណ៍ នារាត្រីនេះជាដើម។
ព្រឹត្តិការណ៍រាត្រីវប្បធម៌ ក្រោមមូលបទ ”ស្ទឹងត្រែង បេះដូងនៃវប្បធម៌” បានបិទបញ្ចប់ទៅ ក្នុងបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងពោរពេញដោយស្មារតីសាមគ្គីជាតិខ្ពស់បំផុត៕ដោយ៖ឡុង សំបូរ








































