ខេត្តស្ទឹងត្រែង៖ អំណោយសប្បុរសធម៌ របស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និងសប្បុរសជននានា មានថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ត្រូវបានអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា និងសមាជិកក្រុមប្រឹក្សាខេត្ត លោក ហាក់ វិមាន ធ្វើពិធីប្រគល់ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី១ និងអង្គភាពនៃកងកម្លាំងប្រដាប់អាវុធទាំង៣ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នៅបរិវេណមុខសាលាខេត្តស្ទឹងត្រែង ។
ការឧបត្ថម្ភអំណោយរបស់ សប្បុរសជន និងប្រជាជនខេត្តស្ទឹងត្រែង នាពេលនេះ ត្រូវគេមើលឃើញថា ធ្វើឡើងក្នុងស្មារតីសាមគ្គីជាតិជាធ្លុងមួយ និងដើម្បីលើកទឹកចិត្តដល់វីរកងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន ដោយអំណោយទាំងនោះ ត្រូវបានប្រគល់ជូន៖ បញ្ជាការដ្ឋានយោធភូមិភាគទី១ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីយកទៅចាត់ចែងផ្គត់ផ្គង់ដល់កម្លាំងវីរកងទ័ពជួរមុខ និងកម្លាំងត្រៀមបំរុង ដែលកំពុងការពារបូរណភាពទឹកដី នៃកម្ពុជា។
សកម្មភាពនាពេលនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ នូវចលនាគាំទ្រយ៉ាងផុលផុសពីសំណាក់ «សមរភូមិក្រោយ» ដែលរួមមានមន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងខេត្តស្ទឹងត្រែង ដែលបានរួមគ្នាបរិច្ចាគនូវថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ ដើម្បីជូនទៅដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ។
ការចូលរួមចំណែក និងការរំលែកធនធានផ្ទាល់ខ្លួនទាំងនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពកងកម្លាំងប៉ុណ្ណោះទេ តែក៏ជាសារនៃក្តីស្រឡាញ់ ជំនឿចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ព ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជាតិទាំងមូល។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ថា «ការរួមចំណែកពីសមរភូមិក្រោយនាពេលនេះ គឺជាកត្តាកំណត់ដ៏សំខាន់ ក្នុងការរក្សាបាននូវភាពឈ្នះនៅសមរភូមិមុខ និងបង្ហាញពីស្មារតីរួបរួមគ្នារបស់ប្រជាជាតិខ្មែរគ្រប់កាលៈទេសៈ»។ លោកអភិបាលខេត្ត បានរំលឹកឡើងវិញថា ទោះបីជាកម្ពុជាមិនចង់បានសង្គ្រាម ប៉ុន្តែ កម្ពុជារក្សាសិទ្ធិពេញលេញក្នុងការការពារប្រជាជន និងការពារដែនអធិបតេយ្យភាពជាតិ បន្ទាប់ពីមានការឈ្លានពានពីប្រទេសជិតខាងនាពេលកន្លងមក ដែលបង្កឱ្យមានការលះបង់សាច់ស្រស់ ឈាមស្រស់ របស់វីរយុទ្ធជន និងការបាត់បង់ជីវិតជនស៊ីវិល។
លោកអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដោះស្រាយបញ្ហា កុំបំប៉ោងព័ត៌មាន ដោយត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ និងជៀសវាងការចែករំលែកព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់។ លោកអភិបាលខេត្ត បានជំរុញសាធារណជន ឲ្យតាមដានព័ត៌មានពីទំព័រផ្លូវការរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងបន្តផ្តល់ទំនុកចិត្តខ្ពស់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស៕ដោយ៖ឡុង សំបូរ





































