ខេត្តស្ទឹងត្រែង៖ ទង់ជាតិបានជ្រោងឡើងបក់រវិចៗ សម្លេងស្វាគមន៍យ៉ាងខ្ញៀវខ្ញារ កងរំពង ស្នូរទះដៃព្រមៗគ្នា អមដោយសូរស័ព្ទព្រះធម៌ និងការប្រគុំតន្ត្រី នៃបទចម្រៀងព្យុះហយាត្រា នៃកងយោធពលខេមរភូមិន្ទ ដែលជាសញ្ញារង់ចាំ និងការអមដំណើរការមកដល់ខេត្តស្ទឹងត្រែង ចំពោះវត្តមានវីរៈយុទ្ធជន ៤រូប ក្នុងចំណោមវីរៈយុទ្ធជន ១៨រូប ដែលត្រូវបានទាហានសៀមចាប់ខ្លួន កាលពីថ្ងៃទី២៩កក្កដា២០២៥ កន្លងទៅ ក្រោយបទឈប់បាញ់ចូលជាធរមាន និងជាប់នៅក្នុងប្រទេសថៃ អស់រយៈពេល ១៥៥ថ្ងៃ ។
រដ្ឋបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានរៀបចំពិធីដង្ហែ និងទទួលស្វាគមន៍យ៉ាងអធិកអធម និងប្រកបដោយមោទនភាព ជូនដល់វីរកងទ័ពខ្មែរ ៤រូប ក្នុងចំណោមវីរកងទ័ពខ្មែរ ១៨រូប ដែលត្រូវបានភាគីថៃដោះលែង ឱ្យវិលត្រឡប់មកមាតុភូមិជាទីស្នេហានៃយើងវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
ពិធីស្វាគមន៍ដ៏មានអត្ថន័យ និងប្រកបដោយមោទនភាពជាតិនេះ បានប្រព្រឹត្តិទៅក្រោមអធិបតិភាពលោក ឈាងឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងយុវជនជាច្រើនក្រុម ប្រមាណជាង ២ម៉ឺននាក់ ដែលបានមកចូលរួមអបអរសាទរ និងសម្តែងការគាំទ្រយ៉ាងកក់ក្ដៅបំផុត។
ក្នុងបរិយាកាសពោរពេញដោយក្តីរំភើប ក្តុកក្តួលរំជួលចិត្តក្នុងនាមបេះដូងជាតិខ្មែរតែមួយ អាជ្ញាធរខេត្តស្ទឹងត្រែង បានធ្វើពិធីដង្ហែវីរៈកងទ័ពទាំង ៤រូបយ៉ាងអធិកអធម នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងស្ទឹងត្រែង មុននឹងឈានចូលដល់ទីតាំងប្រារព្ធពិធី ដោយប្រជាពលរដ្ឋបានឈរអមសងខាងផ្លូវយ៉ាងត្រៀបត្រា ដើម្បីស្វាគមន៍វីរៈកងទ័ព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ កម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាព ជូនជាតិមាតុភូមិកម្ពុជា ជាទីស្នេហា ។
នាឱកាសនោះ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ និង អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានសម្តែងនូវការសាទរ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះវីរៈកងទ័ពទាំង ៤រូប ដែលបានបង្ហាញពីស្មារតីអង់អាចក្លាហាន ការលះបង់ និងភាពស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។ រីឯការវិលត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញនាពេលនេះ មិនត្រឹមតែជាការសប្បាយរីករាយ សម្រាប់ក្រុមគ្រួសារវីរៈកងទ័ព ប៉ុណ្ណោះទេ។ ប៉ុន្តែ ជាមោទនភាពរួមរបស់អាជ្ញាធរ និងប្រជាជនខេត្តស្ទឹងត្រែង ក៏ដូចប្រជាជនកម្ពុជាទូទាំងប្រទេសផងដែរ។
ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង លោក ជា សុផល បានសម្តែងការគាំទ្រពីគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ សែន ប្រធានព្រឹទ្ធសភាពកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដ៏ល្អ ដោយបាននាំយកវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលទាហានសៀមបានចាប់យកទៅក្រោយបទឈប់បាញ់ កាលពីថ្ងៃទី២៩កក្កដា២០២៥ កន្លងទៅ។ លោកបានថ្លែងដឹងគុណ និងអរគុណចំពោះសម្តេចប្រមុខដឹកនាំដ៏ឆ្នើមទាំងទ្វេរ ហើយខណៈនេះរូបលោក ក៏ដូចថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ កំពុងឈរយ៉ាងត្រៀបត្រារង់ចាំស្វាគមន៍ ដំណើរមកដល់របស់វីរៈកងទ័ព ៤រូប នៅក្នុងខេត្តស្ទឹងត្រែង។
កញ្ញា ឃៀម ថាវី ជាសិស្សរៀនថ្នាក់ទី១២ «គ» នៃវិទ្យាល័យព្រះរាជបូជនីយកិច្ច បានសម្តែងការសាទរ និងអារម្មណ៍រំភើបយ៉ាងក្រៃលែង ដែលវីរៈកងទ័ពខ្មែរយើង បានវិលត្រឡប់មកដល់មាតុភូមិវិញ និងកញ្ញាថាវី ក៏បានប្រកាសគាំទ្រគោលនយោបាយជាយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ដែលបានរិះរកគ្រប់មធ្យោបាយ ដើម្បីវីរៈកងទ័ពខ្មែរបានវិលត្រឡប់ចូលមាតុភូមិវិញ។ កញ្ញាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព។
ពិធីទទួលស្វាគមន៍នាពេលនេះ បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព សន្តិភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ចំពោះកងទ័ពដែលជាកម្លាំងស្នូល ក្នុងការការពារប្រទេសជាតិ។ ស្របពេលជាមួយគ្នានោះ ពិធីស្វាគមន៍បានបញ្ចប់ទៅ ក្នុងបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងពោរពេញដោយស្មារតីសាមគ្គីជាតិ ដែលបានបង្ហាញយ៉ាងច្បាស់ពីមោទនភាព និងការគោរពសរសើរ ចំពោះវីរៈកងទ័ពខ្មែរ ដែលបានបំពេញភារកិច្ចដ៏ឧត្តុងឧត្តម ដើម្បីជាតិ មាតុភូមិកម្ពុជា នៃប្រជាជាតិខ្មែរ៕ដោយ៖ឡុង សំបូរ







































