កំពង់ចាម: គណប្រតិភូព្រឹទ្ធសភាភូមិភាគ២ ដឹកនាំដោយឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៣៥៣គ្រួសារ ស្ត្រីមានផ្ទៃពោះ
៤នាក់ និង សិស្សានុសិស្សភៀសសឹកចំនួន ២៩៤នាក់ ដែលបានភៀសខ្លួនពីតំបន់សៀមឈ្លានពាន មក ស្នាក់នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិប តើ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងយកចិត្ត ទុកដាក់ រួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ព ដែលរងគ្រោះ ដោយសារអំពើឈ្លានពានរបស់តៃមកលើប្រទេសកម្ពុជា។ ឯកឧត្តម បានលើកឡើងថា អំណោយ ទាំងសម្ភារ ស្បៀងអាហារ និងថវិកា ដែលបានយកមកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក និង គ្រួសារវីរកងទ័ព នាពេលនេះ ដើម្បីជួយសម្រាលបន្ទុកក្នុងការរស់នៅបណ្តោះអាសន្ន របស់ បងប្អូន ដែលទំរាំនឹងបានវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ។
ជាមួយគ្នានោះឯកឧត្តម អ៊ុច បូរិទ្ធ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវយកចិត្ត ទុកដាក់រក្សាអនាម័យ ថែទាំងសុខភាព បង្ការជំងឺដង្កាត់ផ្សេងៗ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ដោយត្រូវជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុង ការស្វែងរកដំណោះស្រាយ ដើម្បីការពារដែនអធិបតេយ្យភាព ក៏ដូចជាការដោះស្រាយបញ្ហា ជម្លោះព្រំដែនដោយសន្តិវិធី ដើម្បីបញ្ចៀសនូវសង្គ្រាមបង្ហូរឈាម និងដើម្បីនាំយកសន្តិភាព និង ភាពប្រក្រតីត្រឡប់មកវិញ ហើយបងប្អូនជនភៀសសឹកនឹងបានវិលត្រឡប់ទៅកាន់លំនៅឋានដើម វិញ ដោយសុវត្ថិភាព។
គួរបញ្ជាក់ថា អំណោយ ដែលត្រូវចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សភៀសសឹក នៅក្នុង ស្រុកស្រីសន្ធរ សរុបចំនួន ៦៥១នាក់ ដោយក្នុង១គ្រួសារទទួលបានរួមមាន៖-អង្ករ ២៥គីឡូក្រាម-មី ១កេស-ទឹកសុទ្ធ ១កេស – ភេសជ្ជៈ ១កេស ត្រីខ ១យួរ-ទឹកត្រី ១យួរ-ទឹកស៊ីអ៊ីវ ១យួរ – ក្រមា ១ – ឃីត ១កញ្ចប់ (ខោអាវ ឬមុងភួយ) និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ៕




































