កំពង់ចាម: ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូនវីរកងទ័ពជួរមុខ ចំនួន ៣នាក់ និងមន្ត្រីនគបាលការពារព្រំដែន ១នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម ដោយសារត្រូវផ្សែងពុលរបស់សៀម ។
គួរបញ្ជាក់ថា ទាំងវីរៈកងទ័ព និងមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម រួមមាន៖ ១-លោក រឿង ចាន់ថាវី អាយុ ៤៥ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ឈរជើងនៅទិសដៅខេត្តព្រះវិហារ មានអាការៈ ល្អិតល្ហែអស់កម្លាំង ។ ២-លោក ចក់ ស៊ីជៀន អាយុ ៣៤ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ឈរជើងនៅទិសដៅប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ មានអាការៈ ក្អក ឈឺដើមទ្រូង ។ និងទី៣-លោក ហ៊ាប សារិទ្ធ អាយុ ២៦ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ឈរជើងនៅទិសដៅខេត្តព្រះវិហារ មាន អាការៈ ឈឺចុកពោះ រាគ ។ ដោយឡែក លោក ចាវ ហ័រណាំ អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលវីរៈការពារព្រំដែនគោក ៩១១ ទិសដៅខេត្តបន្ទាយមានជ័យ មានអាការៈ ល្អិតល្ហែអស់កម្លាំង ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរដល់វិរកងទ័ព និងមន្ត្រីនគរបាល ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន និងជូនពរដល់វីរកងទ័ព និងមន្ត្រីនគរបាលទាំង ៤រូប សូមឱ្យឆាប់ជាសះស្បើយពីជម្ងឺ ដើម្បីបានវិលត្រឡប់ទៅ បំពេញបេសកកម្មនៅអង្គភាពវិញ ។
ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់អំណោយ របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពជួរមុខ និងមន្ត្រីនគរបាលការពារព្រំដែន ទាំង៤រូប និងក្រុមគ្រួសារ ដោយក្នុងម្នាក់ៗ ទទួលបាន ៖ អង្ករ ត្រីខកំប៉ុង មីខ្មែរ ទឹកសុទ្ធ ភេសជ្ជៈ ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកាមួយចំនួនផងដែរ ៕





































